រឿង ភ្នំប្រសិទ្ធិ

ដែលអ្នកស្រុកហៅថា "ភ្នំប្រសិទ្ធិ" គឺសំដៅយកភ្នំពីរនៅទន្ទឹមគ្នា ។ ប៉ុន្តែដោយការចែកព្រំប្រទល់ស្រុក នៅខេត្តកណ្ដាល ភ្នំពីរនេះក៏គេត្រូវរំលែកធ្វើជាខណ្ឌព្រំប្រទល់ស្រុក ចំកណ្ដាលជ្រលងភ្នំ គឺភ្នំខាងលិច ចូលក្នុងឃុំម្កាក់ ស្រុកអង្គស្នួល, ឯភ្នំខាងកើត នៅក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាលដូចគ្នា ។ ភ្នំទាំងពីរនេះ ភ្នំខាងលិច មិនមានរឿងរ៉ាវ ឬ កន្លែងបរមបុរាណអ្វី គួរគប្បីនឹងលើកយកមកអធិប្បាយទេ គឺមានតែភ្នំខាងកើតប៉ុណ្ណោះ ដែលមានរឿងរ៉ាវច្រើន មានដំណែលចាស់ៗ ទាក់ទងដោយរឿងព្រេង ច្រើនយ៉ាង ។ កាលពីដើម អ្នកស្រុកច្រើនទុកភ្នំនេះ ជាទីកន្លែងសក្ដិសិទ្ធិសម្រាប់អ្នកស្វែងបន់ស្រន់ឲ្យសម្រេចប្រាថ្នាណាមួយ ឬ ធ្វើការសាងសីលភាវនានៅទីនោះ, តែនៅសម័យបច្ចុប្បន្ន ជំនឿទាំងនោះ ក៏ខ្សោយបន្តិចម្ដងៗ ទៅតាមការវិបត្តិនៃអារ្យធម៌ ។ ហេតុនេះ ទីភ្នំនេះឯង ទៅជាទីទេសចរណ៍មួយ សម្រាប់អ្នកស្រុកជិតឆ្ងាយ ធ្វើដំណើរទៅកម្សាន្ត នៅរាល់ពេលដែលបានទំនេរលំហែពីការងារ ។ សព្វថ្ងៃ បើទៅតាមរថយន្ត ត្រូវទៅតាមផ្លូវជាតិលេខ ៥ គឺផ្លូវពីភ្នំពេញទៅបាត់ដំបង លុះទៅដល់គីឡូម៉ែត្រលេខ ៣៨ ជិតដល់ផ្សារឧត្ដុង្គ មានផ្លូវជាតិលេខ ២៦ បែកចូលទៅខាងឆ្វេងដៃ ។ ចូលទៅតាមផ្លូវនេះ អស់ចម្ងាយ ១៦ គីឡូម៉ែត្រទៀត ទើបត្រូវបត់ចូលតាមផ្លូវលំមួយនៅខាងឆ្វេងដៃ បន្តទៅទៀត ទើបដល់ជើងភ្នំនេះ ។

នៅនឹងចង្កេះភ្នំ ផ្នែកខាងជើង មានព្រះវិហារមួយ គ្របប្រក់លើព្រះពុទ្ធបដិមាករចូលនិព្វានមួយអង្គ សាងដោយថ្មយ៉ាងធំ មានបណ្ដោយប្រមាណជា ២៧ ម៉ែត្រ ។ ត្រង់នេះអ្នកស្រុកហៅថា "កន្លែងព្រះនិព្វាន" ។ នៅខាងក្រោមកន្លែងព្រះនិព្វាននេះបន្តិច មានរូងដីមួយកន្លែងទទឹងប្រមាណ ៥ ម៉ែត្រ បណ្ដោយ ៦ ម៉ែត្រ ជារូងទាល់ តែមានមកពីអង្វែងកាលហើយ ។ ខាងកើតរូងដីនេះបន្តិច មានថ្មមួយផែនយ៉ាងធំ ហើយមានសភាពចម្លែកត្រង់មានស្នាមជើងសេះ និង ស្នាមជើងមនុស្ស ទ្រុឌជាប់នៅនឹងថ្មនោះ, ប៉ុន្តែ ដោយសារពេលវេលាយូរលង់ពេក, សព្វថ្ងៃ ក៏រលប់ខ្លះៗ ទៅហើយ ។ ខាងត្បូងថ្មដាមានស្នាមនេះ មានខឿនថ្មមួយកន្លែង អ្នកស្រុកហៅថា "ឥសីចង្ក្រម" ។

លុះឡើងដល់កំពូលភ្នំ មានព្រះវិហារមួយ ជាសំណង់ចាស់បុរាណដែរ មានទទឹង ៨ ម៉ែត្រ, បណ្ដោយ ១៥ ម៉ែត្រ, អ្នកស្រុកសន្មតនាមព្រះវិហារនេះហៅថា "វិហារត្រៃត្រិង្ស" ។

អំពីរឿងព្រេង ដែលទាក់ទងនឹងទីកន្លែងទាំងនោះ មានដោយឡែកៗ ពីគ្នា ដែលយើងលើកយកមកអធិប្បាយ មួយម្ដងៗ ដូចតទៅ ៖

១- អំពីរូងដី និង ឥសីចង្ក្រម

ចំពោះទីកន្លែងទាំងពីរនេះ មានរឿងព្រេងតែមួយ គឺ រឿង "បក្សីចាំក្រុង" ។សេចក្ដីពិស្ដារនៃរឿងព្រេងនេះ យើងបានបោះពុម្ពក្នុងសៀវភៅប្រជុំរឿងព្រេងខ្មែរ ភាគ ៥ ត្រង់រឿងព្រះវិហារសួ រួចសព្វគ្រប់ហើយ, ឥឡូវ យើងចោះយកតែត្រង់អន្លើ ដែលមានទាក់ទង នឹងទីកន្លែងត្រង់នេះ មាននិយាយបញ្ជាក់ តែប៉ុណ្ណោះ ។

សេចក្ដីដំណាលថា ៖ កាលដែលស្ដេចដំបងគ្រញូងជ្រែករាជ្យនោះ ក៏បានឡើងគ្រប់គ្រងរាជ្យរហូតមក ។ ប៉ុន្តែ រាជសម្បត្តិនេះ ពុំបានសុខសាន្តទេ នៅរយៈពេលតែ ៧ ឆ្នាំ និង ៧ ខែប៉ុណ្ណោះ មានអ្នកមានបុណ្យម្នាក់ គឺពញាក្រែក មកដណ្ដើមរាជ្យជាបន្តទៅទៀត ។ ដំណើររឿង មុននឹងបានរាជ្យទៅព្រះបាទពញាក្រែកនោះ, ព្រះបាទដំបងគ្រញូងបានធ្វើទុក្ខទោស ដល់ញាតិវង្សក្សត្រអង្គមុន សន្ធឹកណាស់, ហេតុនេះ បានជាពៀរវេរាមកដល់ព្រះអង្គវិញ គឺក្រោយដែលព្រះបាទពញាក្រែកឡើងសោយរាជ្យហើយ ក៏ចេញបញ្ជាឲ្យចងអាឃាតព្យាបាទវិញដែរ ។ ប៉ុន្តែនៅពេលនោះ មានអ្នកម្នាងមួយនោះ មានគភ៌ រត់ទៅពួនស្នាក់នៅនឹងលំនៅញាតិសន្ដានជារាស្ត្រ ។ ថ្ងៃមួយមានហេតុចម្លែកជាប្រផ្នូល, ព្រះបាទពញាក្រែក ក៏ឲ្យហោរាគន់គូរមើល, ហោរក្រាបទូលថា មានអ្នកមានបុណ្យម្នាក់ទៀត ចាប់បដិសន្ធិក្នុងផ្ទៃរបស់អ្នកម្នាង នៃស្ដេចដំបងគ្រញូងឋិតនៅទិសណាៗ ក៏ក្រាបទូលសព្វ ។ វេលានោះ ព្រះពញាក្រែក ក៏ឲ្យពេជ្ឈឃាដ តាមរកឃើញ យកមកកាប់សម្លាប់ចោលទៅ ។ តែពេលកាប់នោះ ទារកនោះឯង ក៏រត់ឡើងពីពោះ ទៅនៅក្នុងទ្រូងម្ដាយ លុះត្រាតែពេជ្ឈឃាដទៅផុត ទើបទារកចេញចាកផ្ទៃមាតាមកនៅកណ្ដាលវាល ។ ពេលនោះ ក៏ចុះមកកាងស្លាប គ្របដណ្ដប់ទារកកុំឲ្យក្ដៅ, ជួនជាមានបុរសចាស់ម្នាក់ឈ្មោះគោហេ គាត់ភ្ជួរដីហើយដើររូតរះទៅផ្ទះ ប្រទះឃើញទារកនេះ គាត់ក៏បីកុមារទៅទុកថែរក្សា ។ អស់រយៈពេល ៧ ឆ្នាំ ស្ដេចឲ្យហោរគន់គូរម្ដងទៀត ព្រះអង្គជ្រាបថាអ្នកមានបុណ្យនោះពុំទាន់ស្លាប់ទេ ទ្រង់ត្រាស់ឲ្យប្រមូលយកក្មេងអាយុ ៧ ឆ្នាំ ទាំងអស់មកផ្ដិតមើលក្រយៅដៃ ។ ពេលនោះតាគោហេ ក៏ត្រូវគេកេណ្ឌឲ្យយកចៅចិញ្ចឹមគាត់មកផ្ដិតដែរ ស្រាប់តែមានរូបកងចក្រនៅបាតដៃចៅគាត់ ដែលត្រូវគេយកទៅប្រហារចោល ព្រោះសំគាល់ថា ជាអ្នកមានបុណ្យ ។ ប៉ុន្តែ តាគោហេ លួចកញ្ឆក់ចៅពរត់គេច ដោយមានសត្វកាងស្លាបគ្របពីលើ រហូតទាល់តែបាត់ផុតពីមុខបណ្ដាជនអ៊ូអរទៅ ។ សេនាអមាត្យនាំគ្នាតាមកិតៗ ដែរ តែពុំទាន់ ។ តាគោហេ នាំកុមារនេះ ពីស្រុកមួយទៅស្រុកមួយ ដូចជាកាត់ទន្លេធំ ត្រង់រកាកោងឆ្លងទៅល្វាទេរ ដល់វិហារសួ តែពុំបាត់ភិតភ័យសោះ ត្បិតទ័ពគេចេះតែដេញតាមពុំឈប់ឈរ ។ កាលនោះ គាត់នាំកុមាររត់ពីវិហារសួ ឆ្លងទន្លេមកខាងលិចហើយឆ្លងកាត់ភូមិក្បែរមាត់ទន្លេ ទៅរកទីភ្នំ ដើម្បីងាយស្រួលពួនស្នាក់អាស្រ័យ ។ គាត់ទៅពួននៅភ្នំមួយ ក្នុងខេត្តសំរោងទង (ដែលសព្វថ្ងៃហៅថាភ្នំប្រសិទ្ធិនេះ) ។ ទីភ្នំនេះ ពុំមានជនសាមញ្ញណាទៅដល់ទេ កាលពីសម័យនោះ, ដូច្នេះហើយ បានជាតាគោហេ យល់ឃើញថា ជាទីសុខសាន្ត ។ មិនតែប៉ុណ្ណោះ ទីនោះឯង ជាទីអាស្រមបទ នៃពពួកឥសីទាំងឡាយ ធ្វើចង្ក្រមភាវនារាល់ថ្ងៃផង ។ តាំងពីមកនៅកន្លែងនេះ ក៏បានប្រកបនឹងសេចក្ដីសុខស្រួលមែន ។

លុះដល់ព្រះបាទពញាក្រែកសោយរាជ្យអស់កាលដ៏យូរមក ក៏សោយព្រះទិវង្គតទៅ ទើបមន្ត្រីរាជការទាំងអស់ ស៊ើបសួររករាជកុមារ ជាបុត្រអតីតមហាក្សត្រ ដើម្បីដង្ហែឡើងគ្រងរាជ្យ ។ ទទួលពេលនោះ លេចឮល្បីព្រះនាមកុមារព្រះរាជបុត្រមួយព្រះអង្គ ដែលនៅជាមួយតាគោហេ ហើយដែលអ្នកស្រុកស្គាល់ព្រះនាមថា "បក្សីចាំក្រុង" ព្រោះតាគោហេ បានថ្វាយនាមនេះ តាំងពីគាត់បានឃើញបក្សី តាមកាងស្លាបលើរាជកុមារ ពីតូចនោះមកម្ល៉េះ ។ អស់ពួកសព្វមុខមន្ត្រី នាំគ្នាទៅដង្ហែយកព្រះរាជកុមារ បក្សីចាំក្រុង ហើយរៀបអភិសេកគ្រងរាជ្យសម្បត្តិទៅ ។

ក្រោយពីបានឡើងគ្រងរាជ្យហើយ ព្រះអង្គក៏ចាត់ឲ្យសាងព្រះពុទ្ធរូប ព្រះវិហារ ទុកជាទីគោរពនៅលើភ្នំនេះ ហើយសន្មតនាមទីភ្នំនេះថា "ភ្នំឫសីសិទ្ធិ" បានន័យថាភ្នំរបស់ឥសី សឹងប្រកបតាមប្រាថ្នា, ព្រោះកាលដែលរស់នៅលើភ្នំនេះ តាគោហេ តែងតែបន់ស្រន់ជារឿយៗ សុំបួងសួងឲ្យរាជកុមារបានឡើងគ្រងរាជ្យ, លុះឥឡូវនេះ ក៏បានសម្រេចដូចប្រាថ្នាមែន ទើបបានជាសន្មតទីនេះថាដូច្នេះ ។

២- អំពីផែនថ្មមានស្នាមជើងសេះ

ចំពោះស្នាមជើងសេះ នៅលើផែនថ្ម តាមចាស់ទុំនិយាយថា ៖ ទាក់ទងមកពីរឿងចៅឫទ្ធិសែន និងនាងកង្រី ត្រង់ដែលឫទ្ធិសែនយកសំបុត្រនាងសន្ធមា ទៅឲ្យនាងកង្រី ហើយទៅដេកស្នាក់នៅក្បែរទីអាស្រមបទនៃមហាឥសី ។ ពេលនោះ មហាឥសីលួចមើលសំបុត្រឃើញនាងសន្ធមា បង្គាប់ឲ្យនាងកង្រីជាកូន សម្លាប់កុមារនេះចោលទៅ នៅពេលដែលទៅដល់, ឥសីក៏លួចហែកសំបុត្រចោល ក្លែងសំបុត្រសាជាថ្មី ឲ្យនាងកង្រី ទទួលយកបុរសនេះធ្វើជាប្ដី កាលបើឃើញកុមារនេះទៅដល់ ។ គឺត្រង់កន្លែងនេះហើយ ដែលមានផែនថ្មធំ នៅទៀបកន្លែងឥសីចង្ក្រម ។ គឺនៅពេលកុមារឫទ្ធិសែន ត្រឡប់មកវិញ ដោយប្រញាប់ប្រញាល់ រត់ចោលនាងកង្រីនោះ ក៏មកកាត់ទីកន្លែងនេះទៀត បានជួបនឹងឥសី, ឥសីឲ្យទានស្លឹកឈើ ហើយឲ្យហោះរត់ ។ គឺលើផែនថ្មនេះហើយ ដែលឫទ្ធិសែនចាប់បំផាយសេះ លោតផ្លោះហោះឡើង បានជាមានស្នាមជើងសេះ ទ្រុឌជាប់នឹងផ្ទាំងថ្ម ត្រង់នោះឯង ។

បើពោលដោយសង្ខេបទៅ បុរាណដ្ឋាននេះ ជាទីដំណែល អំពីមហាក្សត្រអង្គណាមួយ ក្នុងអតីតកាលមែន ប៉ុន្តែពុំមានដ្ឋាន ខាងអក្សរចារឹកឲ្យច្បាស់លាស់ ជាព័ត៌មានពិតប្រាកដប្រជាបានឡើយ, យើងយល់បានត្រឹមតែសេចក្ដីសន្និដ្ឋានប៉ុណ្ណោះ ដោយសង្កេតយកតាមរូបភាព ទីកន្លែង និងសេចក្ដីនិទានខ្លះ របស់អ្នកស្រុក ដែលចេះតែចាំតៗ គ្នាប៉ុណ្ណោះ ។ ដូច្នេះ, បើយើងសន្មតកំណត់ឲ្យជាក់ស្រេច ថាក្សត្រអង្គណាជាអ្នកកសាង ឬ ការកសាងនេះ ពីក្នុងរជ្ជកាលណានោះ ពុំទាន់បាននៅឡើយទេ ។ ការងារនេះ នៅក្នុងការស្រាវជ្រាវតែរាល់ថ្ងៃ ។

ក្រៅអំពីសេចក្ដីពិចារណារិះរេខាងទីតាំង និងប្រវត្តិពង្សាវតារដែលយើងលើកយករឿងព្រេងមកបញ្ជាក់ តាមលំអានអ្នកស្រុកចេះចាំតៗ គ្នាមកនេះ, យើងងាកបែរទៅខាងទេសភាព នៃព្រៃព្រឹក្សានៅលើទីនេះម្ដង ។ តាមពិត, ភ្នំនេះ ពុំមែនជាព្រៃស្រោង ប្រកបដោយឈើឡើយ, សភាពព្រៃ ជាសភាពព្រៃរបោះ ដែលមានតែកូនឈើតូចៗ គ្របដណ្ដប់លើដីខ្សាច់សៗ នៅចន្លោះៗ ដុំថ្មធំៗ ហើយថ្មទាំងនោះ ភាគច្រើនក៏មានពណ៌សដែរ ។ ហេតុនេះ បានជាភ្នំនេះទៅជាកន្លែងយកថ្មសម្រាប់ធ្វើផ្លូវរថភ្លើង និង យកមកប្រើប្រាស់សព្វយ៉ាងនៅក្នុងក្រុងភ្នំពេញសព្វថ្ងៃ ។
រួមសេចក្ដីមក ភ្នំប្រសិទ្ធិសព្វថ្ងៃ ជាទីទេសចរណ៍ សម្រាប់ជនរួមជាតិយើង មួយកន្លែងយ៉ាងសំខាន់ដែរ, បានជាមានរថយន្តទេសចរ ចេញចូលជាញឹកញាប់ រៀងរាល់ថ្ងៃអាទិត្យ និង ថ្ងៃបុណ្យផ្សេងៗ ដែលអ្នកធ្វើការងារបានឈប់សម្រាក ។
Name

ប្រជុំរឿងព្រេងខ្មែរ ប្រជុំរឿងព្រេងខ្មែរ ភាគទី០១ ប្រជុំរឿងព្រេងខ្មែរ ភាគទី០២ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៣ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៤ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៥ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៦ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៧ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៨ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៩
false
ltr
item
ប្រជុំរឿងព្រេងខ្មែរ: រឿង ភ្នំប្រសិទ្ធិ
រឿង ភ្នំប្រសិទ្ធិ
ប្រជុំរឿងព្រេងខ្មែរ
https://legend.morningcambodia.com/2020/07/blog-post_94.html
https://legend.morningcambodia.com/
https://legend.morningcambodia.com/
https://legend.morningcambodia.com/2020/07/blog-post_94.html
true
642163426489027068
UTF-8
មិនមានអត្ថបទនោទេ មិនមានអត្ថបទទាក់ទងទេ VIEW ALL Readmore Reply Cancel reply Delete By ទំព័រដើម PAGES រឿងនិទាន View All RECOMMENDED FOR YOU Tag ARCHIVE អត្ថបទទាំអស់ សូមទោសមិនមានអត្ថបទដែលអ្នកកំពុងស្វែងរកនោះទេ។ ត្រលប់ទៅទំព័រដើម Contents រឿងទាក់ទង Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy