រឿង ប្រាសាទព្រះធាតុទឹកឆា

ដោយប្រទេសខ្មែរយើង ជាប្រទេសមានអារ្យធម៌បរិបូណ៌, កាលអំពីព្រេងនាយ បានជាមានប្រាសាទបុរាណ នៅពាសពេញក្នុងផ្ទៃអាណាចក្រទាំងមូល ។ ក្រៅអំពីខេត្តសៀមរាប ដែលមានបុរាណវត្ថុបែបនេះ ច្រើនជាងគេ, យើងប្រទះឃើញនៅខេត្តដទៃៗ ទៀត ក៏មានច្រើនណាស់ដែរ ដូចជាខេត្តកំពង់ធំ, កំពង់ចាម, បាត់ដំបង, និង តាកែវ ។

ដើម្បីឲ្យបានស្គាល់ទីកន្លែងបុរាណៗ ក្នុងប្រទេសជាតិយើង កាន់តែច្បាស់ឡើង, ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ សូមធ្វើសេចក្ដីរាយការណ៍អំពីប្រាសាទបុរាណមួយឈ្មោះ "វត្តព្រះធាតុទឹកឆា" ស្ថិតក្នុងឃុំចម្ការស្វាយ ស្រុកចម្ការលើ ខេត្តកំពង់ចាម ។ ហេតុដែលនាំឲ្យយើងលើកប្រាសាទនេះមកអធិប្បាយ ព្រោះសព្វថ្ងៃ ឈ្មោះ "ទឹកឆា" បានក្លាយទៅជារមណីយដ្ឋានមួយ សម្រាប់ទេសចរជាតិយើង ធ្វើដំណើរទៅកម្សាន្តនៅពេលបុណ្យទានអ្វីមួយ ដែលបានទំនេរពីការងារមមាញឹក ។ ទេសចរទាំងនេះ មិនត្រឹមតែអ្នកនៅក្នុងខេត្តកំពង់ចាមប៉ុណ្ណោះទេ, អ្នកនៅរាជធានីភ្នំពេញក្ដី នៅខេត្តដទៃទៀតក្ដី តែកាលណាពោលពីដំណើរកម្សាន្តក្នុងខេត្តកំពង់ចាមហើយ គេពុំដែលភ្លេចឈ្មោះ "ទឹកឆា" ទេ ។ តើទីនោះមានអ្វីខ្លះ បានជាលេចឮឈ្មោះខ្លាំងម្ល៉េះ?តាមពិត មិនមានភូមិអ្នកស្រុកផ្សារផ្សោអ្វីឡើយ, ពីដើមមក មានតែតួប្រាសាទថ្មបាក់បែកស្ទើរតែអស់គ្មានសល់ ស្ថិតនៅជាពីរកន្លែងក្បែរគ្នា ហើយនៅប្របប្រាសាទទាំងពីរនេះ មានជ្រោះប្រឡាយទឹកអំពីបុរាណមក ក៏មានទឹកហូរខួបប្រាំងខួបវស្សា គឺរដូវវស្សាសឹងមានទឹកពេញព្រៀប រដូវប្រាំងនៅសល់ត្រឹមក្បាលជង្គង់ ឬ លើក្បាលជង្គង់បន្តិច ។ ទឹកនេះថ្លាឈ្វេង ហើយហូររ៉ិចៗ មិនចេះឈប់ ជាហេតុនាំឲ្យអ្នកផង ទៅងូតលេងលំហែប្រាណយ៉ាងសប្បាយរីករាយ ។ សងខាងប្រឡាយទឹកថ្លាខ្យងនេះ មានរុក្ខាលតាវល្លិ ដុះខ្ពស់ស្រោងស្រឹង ប្រទាក់ប្រទិនគ្នាបែបជាព្រៃល្បាត, តែសព្វថ្ងៃគេបានកាប់រំលីង ឲ្យបានជាវាលមួយកន្លែងយ៉ាងធំ នៅត្រង់ផ្លូវទឹកនេះបែកជាធ្នារធំល្ហល្ហាច គឺចំត្រង់តួប្រាង្គថ្មដែលយើងអធិប្បាយខាងលើនេះ ។ មិនតែប៉ុណ្ណោះ រាជការបានកសាងជាទំនប់ទឹកមួយសំខាន់ ដើម្បីយកប្រយោជន៍ អំពីប្រឡាយទឹកបុរាណ នាំយកទឹកទៅចែកឲ្យទៅវាលស្រែយ៉ាងធំទូលាយក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម និង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

អាស្រ័យដោយទីកន្លែងត្រជាក់ត្រជំ, ដោយធ្នារទឹក, ដោយម្លប់ឈើត្រឈឹងត្រឈៃ និង ដោយទិដ្ឋភាពស្មុគស្មាញ ព្រៃស្រោង ដុះព័ទ្ធប្រាង្គសិលាបុរាណដូច្នោះហើយ, បានជាទេសចរ នាំគ្នាទៅទស្សនាកម្សាន្ត ក្នុងពេលសម្រាកមួយដងមួយកាល នាំឲ្យលេចឮឈ្មោះទីឋាននេះឡើងយ៉ាងខ្ទរខ្ទារ ។ ម្យ៉ាងទៀត គមនាគមន៍ ទៅកាន់ទីកន្លែងនេះក៏ជាការងាយផង ត្បិតរថយន្តតូច-ធំ គ្រប់ម៉ាក គ្រប់ធុន ទៅមកបានទាំងអស់ គឺថាបើគេចង់ទៅកាន់ទីកន្លែងនេះ តោងទៅតាមផ្លូវជាតិលេខ ៧ (ផ្លូវពីភ្នំពេញទៅកំពង់ចាម) ទៅដល់ត្រង់ផ្សារព្រៃទទឹង ដែលជាទីតាំងស្រុកព្រៃឈរ មានផ្លូវបំបែក ចូលតាមផ្លូវខេត្ត ខាងឆ្វេងដៃឆ្ពោះទៅទិសខាងជើង ។ នៅសងខាងផ្លូវខេត្តនេះ មានភូមិអ្នកស្រុកជាប់រហូតមិនស្ងាត់ឡើយ ហើយសុទ្ធជាភូមិស្អាតបាត, ផ្ទះក្បឿងដំបូលក្រហមឆ្អៅ ថ្នល់ក៏ចាក់ថ្មរហូតមិនព្រួយ នឹងភក់ជាប់ផុងឡើយ ។ ចូលពីផ្លូវជាតិប្រមាណជា ១៣ គីឡូម៉ែត្រ ដល់ភូមិក្រូច ឃុំក្រូច ត្រូវបែកចេញពីថ្នល់ខេត្ត ងាកទៅស្ដាំដៃ តាមផ្លូវលំ សសៀរបណ្ដោយតាមប្រឡាយទឹក (ជាប្រឡាយដែលរាជការទើបតែកែរៀបចំជាថ្មីយ៉ាងស្អាត) ប្រមាណជា ៥ គីឡូម៉ែត្រទៀត ទើបទល់ទៅកន្លែងធ្នារទឹកធំ មានបុរាណវត្ថុ ដែលគេហៅថា "ទឹកឆា" នោះ ។

ពិតមែនហើយ តែយើងស្គាល់សព្វថ្ងៃថា កន្លែងនេះ បានជារមណីយដ្ឋានដ៏សំខាន់ សម្រាប់ទេសចរជាតិ, ប៉ុន្តែប្រវត្តិពង្សាវតារ របស់ទីឋាននេះ ឋិតនៅក្នុងសភាពងងឹតនៅឡើយ ពុំដឹងថា តើទីនេះ ពីបុរាណជាទីអ្វី ? កើតមាន ពីត្រឹមណាមក ?

ដើម្បីជម្រះមន្ទិលទាំងនេះខ្លះ ក្រុមជំនុំទំនៀមទម្លាប់ បានប្រមែប្រមូលឯកសារ ដែលមានតម្កល់ទុកយូរមកហើយផង ហើយចាត់ឲ្យសមាជិកទៅពិនិត្យសង្កេតដល់ទីកន្លែងផង ក៏រៀបចំធ្វើជាសេចក្ដីរាយការណ៍ អំពីទីកន្លែងនេះឡើង ដាក់ចំណងជើងថា "ប្រាសាទព្រះធាតុ ឬ វត្តព្រះធាតុ" តាមឈ្មោះបុរាណនៃប្រាសាទ ដែលហៅថា "គុកព្រះធាតុ ឬ វត្តព្រះធាតុ" នៅត្រង់កន្លែងទឹកឆានេះ ។ ពាក្យ "ទឹកឆា" នេះទៀត ក៏ពុំមែនជាពាក្យទើបតែបង្កើតថ្មីដែរ គឺមានតាំងពីយូរណាស់ហើយ ទើបបានជាមានជាប់ហៅ នៅក្នុងសៀវភៅ "សិលាចារឹកនៅប្រទេសកម្ពុជា" របស់លោក ហ្ស-សឺដែស (Inscription du Cambodge par G. Cœdès) សរសេរកំណត់ឈ្មោះកន្លែងនេះថា "វត្តព្រះធាតុនៅទឹកឆា" (Vat Parh That de Tuk-C'a) ។

ដើម្បីនឹងយកជាសំអាង យើងតោងតែងនិយាយតាមសិលាចារឹកមួយ ដែលអ្នកស្រាវជ្រាវបានរកឃើញ ហើយនាំមកតម្កល់ទុកនៅសារមន្ទីរជាតិ នាក្រុងភ្នំពេញសព្វថ្ងៃ ។ សិលាចារឹកនេះ នៅមានរួបរាងល្អស្អាត អក្សរនៅច្បាស់ ជាបន្ទះក្រាស់ កម្ពស់ ១ ម៉ែត្រ (មិនគិតជើងតម្កល់) ទទឹងមុខ ០ម៥០, ខាងកំពូលលើ មានឆ្លាក់ជារូបព្រះគណេស ។ អក្សរចារឹក មានទាំងសងខាង គឺម្ខាងមាន ២៣ បន្ទាត់ ជាភាសាសំស្ក្រឹត នឹងម្ខាងទៀត មាន ១៦ បន្ទាត់ ជាភាសាខ្មែរ ។ សេចក្ដីក្នុងសិលាចារឹកនេះហើយ ជាទ្វារបើកចំហ ឲ្យយើងមើលផ្លូវឃើញនូវប្រវត្តិសាស្ត្រដ៏វែងឆ្ងាយ នៃទីកន្លែងនេះ ។

សិលាចារឹកឲ្យការណ៍ថា ទីកន្លែងនេះកសាងឡើង តាំងពី ៩៤៧ ស័ក (គ.ស.១០២៥) ក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី ១ ។ កាលនោះព្រះរាជា ទ្រង់ទទួលប្រោសព្រះរាជទាន តាមសេចក្ដីក្រាបបង្គំទូលស្នើអំពីអ្នកប្រាជ្ញម្នាក់ឈ្មោះ "ជង្ឃាល" ហើយដែលមានសន្មតនាមមួយទៀតថា លក្ស្មិន្ទ្របណ្ឌិត ។ លោក ជង្ឃាល បានរកឃើញទីដីមួយកន្លែងក្នុងតំបន់មួយ ហៅថា សិទ្ធិបុរ (ត្រង់កន្លែងទឹកឆាសព្វថ្ងៃ) មានទំនងស្រឡះស្រឡំល្អ ក៏ទូលស្នើចំពោះព្រះរាជា សុំទីនេះធ្វើជាអារាម សម្រាប់ធ្វើសក្ការបូជាចំពោះសាសនាព្រាហ្មណ៍ ដោយថ្វាយទាំងសេចក្ដីព្រាងសព្វគ្រប់ សម្រាប់រៀបចំកន្លែងនេះ ទុកជាស្នាដៃដ៏សំខាន់ផង ។ គ្រានោះ ព្រះបាទសុរ្យវរ្ម័ន ព្រះអង្គទ្រង់ប្រោសព្រះរាជានុញ្ញាត តាមសេចក្ដីសុំ ព្រមទាំងប្រទាន នូវទ្រព្យសម្បត្តិជាច្រើនទៀត ដើម្បីជាមធ្យោបាយ ក្នុងការកសាងនេះផង ។ បណ្ឌិតជង្ឃាល ឬ លក្ស្មិន្ទ្របណ្ឌិត ចាប់ធ្វើកិច្ចការស្ថាបនានេះឡើង តាមកម្លាំងព្រះរាជទ្រព្យ និង តាមប្រាជ្ញារបស់លោកក្នុងការបញ្ចុះបញ្ចូល រកជំនួយអំពីអ្នកស្រុក លុះត្រាតែបានហើយស្រេចសព្វគ្រប់ តាមគម្រោងដែលដាក់ថ្វាយព្រះរាជាទ្រង់ទត ។ គឺនៅក្នុងប្រាសាទធំ មានតម្កល់សិវលិង្គមួយនៅកណ្ដាល សន្មតនាមលិង្គនោះថា "ស្រីភទ្រេស្វរៈ" និងទេវរូបពីរអមសងខាង, មួយមាននាមថា "បរមេស្វរៈ) មួយទៀតថា "សរស្វតិ" ។ ចំពីមុខ, ទិសខាងកើត មានគុហាមួយទៀត ជាទេវស្ថាន មានទំហំតូច ដែលសព្វថ្ងៃយើងឃើញបាក់ធ្លាក់ថ្មគរជាគំនរ កប់ក្នុងព្រៃក្បែរប្រឡាយទឹកជ្រោះ មានតែស៊ុមទ្វារមួយនៅសល់ គ្រាន់ជាការបង្ហាញហេតុ តែប៉ុណ្ណោះ ។ ស្ថាបត្យករ បានចាត់ការជីកស្រះមួយយ៉ាងធំទូលាយ នៅចំហៀងខាងស្ដាំនៃប្រាសាទ ឲ្យឈ្មោះថា "លក្ស្មិន្ទ្រដាក" ហើយប្រតិស្ឋានលិង្គមាសមួយ តម្កល់នៅកណ្ដាលស្រះផង ។ ព័ទ្ធជុំវិញនៃទីបរិវេណនេះ មានការរៀបចំបានជាស្រុកភូមិមួយ យ៉ាងស្ដុកស្ដម្ភ ដោយប្រជុំអ្នកស្រុកជិតខាង ឲ្យមករស់នៅជួបជុំកុះកុំគ្នាឡើងក្នុងសម័យនោះ ។ ដូច្នេះ បរិយាកាសក្រុងថ្មីនេះឯង ក៏បានជាសភាពអ៊ឹកធឹកឡើង ។

ក្រោយដែលរៀបចំរួចស្រេច លក្ស្មិន្ទ្របណ្ឌិត បាននាំព័ត៌មានចូលក្រាបបង្គំទូលព្រះបាទសុរ្យវរ្ម័នទី ១, ព្រះអង្គក៏ទ្រង់ស្ដេចយាងប្រារព្ធពិធីសម្ពោធទីកន្លែងនេះ យ៉ាងមហោឡារិក នៅក្នុងឆ្នាំ ៩៤៧ ស័ក (គ. ស. ១០២៥) ដែលយើងចង្អុលម្ដងមកហើយពីខាងលើ ។ ក្នុងព្រះរាជពិធីសម្ពោធនេះ ព្រះរាជាទ្រង់ប្រោសប្រទាននូវធនធាន ជាប្រដាប់ប្រើប្រាស់, ពួកពលព្រះ ២៩ នាក់, ដីស្រែនៅជុំវិញប្រាសាទ និងស្រះទឹកនេះទាំងអស់ ព្រមទាំងទីលានធំៗ សម្រាប់ប្រកបពិធី ឬ ជាគ្រឿងលំអ, ទុកជាទ្រព្យផ្ទាល់នៃគុហានេះផង ។ មិនតែប៉ុណ្ណោះ ព្រះអង្គបានប្រោសព្រះរាជទាន នាមទីកន្លែងនេះ ថា "លក្ស្មិន្ទ្របថ" ដោយនិយមតាមនាមបណ្ឌិត អ្នកកសាង ។

សេចក្ដីហូរហែ ដូចអធិប្បាយមកនេះហើយ ជាប្រវត្តិដើមនៃប្រាសាទ និង ទីកន្លែងទឹកឆា ។

ឥឡូវ យើងអធិប្បាយពីទ្រង់ទ្រាយ ដែលនៅជាតម្រាយ សល់មកដល់សព្វថ្ងៃនេះម្ដង ព្រោះសម្រាប់ជួយណែនាំផ្លូវពពួកទេសចរយើងដែលត្រូវការទស្សនាទីកន្លែងនេះផង ។

សព្វថ្ងៃ ស្រះបុរាណ ដែលយើងពោលខាងលើថា ជាស្នាដៃបណ្ឌិតជង្ឃាលនោះហើយ ដែលជាធ្នារទឹកដ៏ធំមួយ នៅចំមុខទំនប់ ដែលក្រសួងកសិកម្ម ទើបនឹងស្ថាបនាឡើង ក្នុងបច្ចុប្បន្ននេះ ។ រីឯប្រឡាយទឹកនេះសោត ហូរធ្លាក់ពីសីសប្រភពនៅទិសខាងជើង ក្នុងខែត្រកំពង់ធំឯណោះ ហើយហូរត្រង់មកត្បូង, លុះមកដល់ចំហៀងប្រាសាទនេះ ក៏ធ្លាក់ទឹកចូលក្នុងរង្វះធំមួយដែលយើងហៅថា "ធ្នារ" ខាងលើនេះឯង ។ ពីបុរាណមក ទឹកដក់ពេញព្រៀបនៅត្រង់នេះ តែមានកូនជ្រោះតូច ។ បែកមែកធាង នាំបង្ហូរយកទឹកទៅចាក់បញ្ចូលដីស្រែ នាភូមិជិតខាងនេះ មានភូមិក្រូច ក្នុងស្រុកព្រៃឈរនោះជាដើម ។ អាស្រ័យប្រឡាយចាស់ដូច្នេះហើយ បានជារាជការខាងកសិកម្ម ចាត់ចែងក្នុងពេល ៥-៦ ឆ្នាំកន្លងទៅនេះ ធ្វើជាទំនប់មួយ រក្សាទឹកក្នុងធ្នារនេះ ឲ្យរឹតតែច្រើនឡើង សម្រាប់បន្ថែមកម្លាំង ឲ្យហូរទៅតាមប្រឡាយ ដែលគេជីកធ្វើសំអាតជាថ្មី នាំទឹកទៅចាក់ចែកឲ្យស្រែអ្នកស្រុក បានជាច្រើនពាន់ហិកតារ ក្នុងស្រុកព្រៃឈរ និង ស្រុកបារាយណ៍ ។

ប្រឡាយទឹក ដែលហូរនាំទឹកត្រង់មកពីទិសខាងជើង កាត់មកខាងត្បូង ធ្លាក់ចូលធ្នារធំរួចហើយ ក៏ឆ្ពោះទៅលិចត្រង់ទៅវិញ, ដូចនេះ ប្រឡាយទឹកត្រង់ទឹកឆា មានសណ្ឋានបីដូចជាកែងជាងឈើ ជាកន្លែងដែលគេងូតទឹកលេងសព្វថ្ងៃ គឺនៅចំត្រង់កែងនោះឯង, បើនរណាចូលចិត្តទឹករាក់ ក៏ងូតក្នុងប្រឡាយចាស់ខាងជើងទំនប់ ព្រោះប្រឡាយនេះ បាតក្រោមមានទទឹង ប្រមាណជា ៤ ឬ ៥ ម៉ែត្រដែរ ។ ទឹកថ្លាឈ្វេង មើលឃើញបាតរាបស្មើ ដែលមានកូនថ្មដុំតូចៗ តម្រៀបត្រៀបត្រា គួរឲ្យចង់រើសយកមកមើល ឬ អង្អែលលេង ។ កូនត្រីមួយហ្វូងៗ រត់ច្រាសទឹកហូរ ប្រដេញគ្នា ។ ឯអ្នកដែលចេះហែល ចូលចិត្តហែលលេងក្នុងផ្ទៃទឹកជ្រៅ ផ្នែកខាងត្បូងតំបន់ ដែលជាធ្នារទឹកធំល្ហល្ហាច ។ ជុំវិញរង្វះទឹកនេះ មានដើមឈើខ្ពស់ៗ ស្រោងស្រឹង ដុះខ្នាន់ខ្នាប់ នាំឲ្យបានជាជម្រក នៃទេសចរ ដែលទៅលេងកម្សាន្តផង និងជាទីជ្រកនៅនៃសត្វបក្សាបក្សី ដែលស្រែកឆ្លើយឆ្លងគ្នា បញ្ចេញសូរចម្លែកៗ រឹតតែបង្កើនដួងចិត្តពួកទេសចរ ឲ្យអណ្ដែតអណ្ដូងថែមឡើងទៀតផង ។

ក្រោយពីងូតទឹកជម្រះកាយហើយ ទេសចរ អាចដើរទៅមើលដំណែលប្រាង្គប្រាសាទបុរាណ ដូចមានប្រវត្តិ ដែលយើងអធិប្បាយមកខាងលើរួចហើយ ។ ជាដំបូង, គេទៅមើលទេវស្ថានខាងកើតសិន ព្រោះនៅជាប់នឹងប្រឡាយ ត្រង់ទីដែលគេងូតទឹកនេះតែម្ដង ចម្ងាយពីវាលទៅ ប្រមាណជា ៥០ ម៉ែត្រប៉ុណ្ណោះ, គឺដើរតាមផ្លូវជើងទក់ៗ ត្រង់ទៅកើតងាកខាងស្ដាំ មើលក្នុងកន្ត្រប់ព្រៃ ដែលមានវល្លិដុះពាក់ព័ទ្ធគ្នា ប្រតោងទៅដើមឈើគ្របជិតពីលើ ។ ប្រសិនជារដូវប្រាំងជាការស្រួលងាយ តែបើរដូវវស្សា មានដើមបន្លាស្អិតដុះខ្នាន់ខ្នាប់ នាំឲ្យពិបាករុករុលចូល ទៅណាស់ ។ ទីនោះមានតែគំនរថ្មបាយក្រៀមបួនជ្រុងទ្រវែងៗ ប្រគងប្រគាក់លើគ្នា មានទាំងដីជាប់ជិតពីលើ នាំឲ្យដុះកូនឈើតូចតាច គ្របដណ្ដប់ដំណែលនេះផង គ្រាន់តែមានរាងជាខ្លោងទ្វារមួយ គឺមានថ្មដំវែងៗ បញ្ឈរពីរ និងគងពីលើមួយ សល់ជាដំណែលអាចឲ្យសំគាល់បានថា ជាខ្លោងទ្វារតែប៉ុណ្ណោះ ។

មើលទីនេះរួចហើយ គេថយមកតាមផ្លូវដដែលវិញ, ដើរតាមប្រឡាយទឹកបត់កែងងាកទៅស្ដាំ គឺទៅលិចប្រមាណជា ២០០ ម៉ែត្រ មានស្ពានបេតុង ដែលជាទំនប់ សម្រាប់ទប់កុំឲ្យទឹកហូរខ្លាំងពេក កាលណាបើមានទឹកតិច ហើយមាត់រង្វះនេះ អាចបើកឲ្យហូរខ្លាំងបាន, កាលណាបើមានទឹកច្រើនបរិបូណ៌ គឺថាត្រង់នេះ ជាតំបន់មាត់រង្វះបើក-បិទប្រឡាយទឹក តាមគេត្រូវការ ម្ល៉ោះហើយបានជាពីខាងលើ ត្រូវធ្វើឲ្យមានសណ្ឋានដូចជាស្ពាន ដែលអាចឲ្យគេដើរឆ្លងបាន ។ ឆ្លងពីកូនស្ពាននេះទៅ យើងនឹងប្រទះផ្លូវលំស្រឡះស្រឡំ នៅបណ្ដោយអែបប្រឡាយនេះឯង ។ យើងបែរស្ដាំ ដើរតាមផ្លូវលំនេះ ប្រមាណជា ២០០ ម៉ែត្រទៅទៀត ស្រាប់តែប្រទះនៅខាងឆ្វេងដៃយើង នូវគំនរថ្មបាយក្រៀម ដែលរុះធ្លាក់រប៉ាត់រប៉ាយបង្គរគ្នាខ្លះ នៅជាប់តម្រៀបគ្នាជាកំពែងបន្ទាយខ្លះ ប៉ុន្តែគ្មានក្បាច់រចនាឆើតឆាយទេ ។ មិនតែប៉ុណ្ណោះ មានដើមស្រឡៅ, ដើមឈើទាល, ដើមសំរោង ដុះចាក់ឫសច្រវាត់ច្រវែងដូចពស់លូនប្រពាក់ប្រព័ន្ធគ្នា ពីលើគំនរថ្ម ឬ លើកំពែងថ្មនេះ មានទំហំពីរឱប ឬ បីឱបមនុស្ស ខ្ពស់លលៃ ងើយមើលជ្រុះឈ្នួតពីក្បាល ។ ត្រង់នេះ នាំឲ្យយើងនឹកស្ងើចរន្ធត់ចិត្ត ព្រោះទំហំដើមឈើដ៏ធំមហិមាទាំងនោះ ពុំគួរណាដុះលើគំនរថ្មទាំងនេះកើតសោះ ហើយថ្មនេះទៀត ក៏ពុំគួរណានឹងទ្រទម្ងន់ដើមឈើដ៏សម្បើមៗ ទាំងនេះរួចឡើយ ។ កំពុងតែគិតយ៉ាងនេះ យើងស្រមៃភ្លែត ទៅដល់ប្រាសាទតាព្រហ្មនៅវង់អង្គរ ដែលមានភាពទ្រុឌទ្រោម ហើយមានដើមឈើធំ ដុះគ្របសង្កត់ជាច្រើនកន្លែង ពាសពេញតែបរិវេណប្រាសាទ ដែលមានទំហំធំទូលាយ ជាងគុកព្រះធាតុ ដែលយើងអធិប្បាយនេះទៅទៀត ។

យើងឈានជើងចូលទៅ ក្នុងបរិវេណគុកគុហាបុរាណនេះ យើងប្រទះឃើញរាងរៅជាបួនជ្រុងទ្រវែង បែរមុខឆ្ពោះទៅខាងកើតចំ មានតែទ្វារចូលពីរខាងកើតមក, ឯខាងជើង និង ខាងត្បូង មានតែបង្អួចបីធំវែង ប្រកបដោយចម្រឹងថ្ម ក្រឡឹងជាក្បាច់ជើងទៀន, ចំណែកខាងលិចចំ ពុំមានទ្វារបង្អួចទេ ។ សព្វថ្ងៃ ជញ្ជាំងជុំវិញ នៅគង់ទ្រង់នៅឡើយ ដែលយើងនិយាយមកហើយថា មានដើមឈើធំៗ ដុះពីលើនោះឯង ។ រីឯដំបូល ឬ កំពូលប្រាង្គវិញ គ្មាននៅសល់បន្តិចទេ, សព្វថ្ងៃ នៅតាលហាលរកឲ្យយើងសន្និដ្ឋានថា តើប្រាង្គគុហានេះ ពីដើមឡើយ មានកំពូលដូច្នេះ ឬ ដូច្នោះពុំបានឡើយ, ឃើញមានតែថ្ម ធ្លាក់មកគរនៅកណ្ដាលបរិវេណ តែមានថ្មខ្លះមានរាងរៅទំនងជាថ្នាក់កំពូល គឺក្បាច់ត្របកឈូក ដែលគេសម្រាប់បន្តុបធ្វើជាកំពូលប្រាង្គ ធ្លាក់មកគរលាយឡំជាមួយថ្មដទៃទៀតច្រើនផង ។ ទំហំតួប្រាសាទនេះ មានបណ្ដោយប្រមាណ ២០ ម៉ែត្រ ទទឹង ១៥ ម៉ែត្រប៉ុណ្ណោះ ។ ដុំថ្មទាំងនោះ ភាគច្រើនជាថ្មបាយក្រៀម ពុំសូវមានថ្មសំលៀង ដែលឆ្លាក់ជាក្បាច់ក្បូរឆើតឆាយអ្វីឡើយ ប្រទះឃើញតែផ្ដែ (Linteau) មួយ ដែលមានឆ្លាក់ជារូបព្រះនារាយណ៍ នៅចំកណ្ដាល និង ក្បាច់ស្លឹកភ្ញីនៅព័ទ្ធព័ន្ធជុំវិញ ។

ការទស្សនាបុរាណដ្ឋាននេះ ធ្វើបានស្រួលតែនៅរដូវប្រាំង ជាជាងរដូវវស្សា ហើយពេលថ្មើរម៉ានក៏មិនទាស់ ព្រោះមានដើមឈើធំៗ ត្រជាក់ត្រឈៃ មិនព្រួយពីក្ដៅឡើយ, ប៉ុន្តែពេលល្ងាច ឆាប់ងងឹតបន្តិច ដោយសារម្លប់ឈើធំទាំងនោះ ។ ភាគច្រើន អ្នកទស្សនាទីកន្លែងនេះ គេចូលចិត្តទៅនៅពេលព្រឹក ប្រមាណជាម៉ោង ៨-៩ ព្រោះបានឱកាសវែងបន្តិច គឺទៅដល់ហើយ គេទស្សនាពីបុរាណទាំងនេះ ឲ្យសព្វគ្រប់រហូតដល់ម៉ោង ១១-១២ ថ្ងៃត្រង់, បន្ទាប់មក គេរៀបម្ហូបម្ហាអាស្រ័យតាមបែបដើរព្រៃ, អាស្រ័យរួច គេសម្រាកដេកលេង ក្រោមដើមឈើដ៏ត្រជាក់ត្រឈៃរហូតម៉ោង ២-៣ ទើបក្រោកឡើង ងូតទឹកលេង លុះដល់ម៉ោង ៤-៥ រសៀល ទើបចេញដំណើរត្រឡប់មកលំនៅវិញ ។ បើជួនជាដំណើរវិលត្រឡប់នេះ ជាពេលរសៀលទាបខ្លាំងបន្តិចផង, សម្រែកបក្សី និង ជំនោរពេលល្ងាច រណ្ដំស្លឹកឈើ ព្រមជាមួយកម្មរស្មីដ៏ស្រទន់នៃព្រះសុរិយាហៀបនឹងអស្ដង្គត ច្បាស់ជារត់មកបបោសអង្អែលដួងចិត្ត នៃទេសចរមិនឲ្យដាច់អាល័យបានឡើយ ហាក់ដូចជាបណ្ដុះសេចក្ដីនឹករលឹកមួយ ឲ្យមកលេងទីនេះ នៅពេលណាមួយទៀតជាមិនខាន ។
Name

ប្រជុំរឿងព្រេងខ្មែរ ប្រជុំរឿងព្រេងខ្មែរ ភាគទី០១ ប្រជុំរឿងព្រេងខ្មែរ ភាគទី០២ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៣ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៤ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៥ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៦ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៧ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៨ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៩
false
ltr
item
ប្រជុំរឿងព្រេងខ្មែរ: រឿង ប្រាសាទព្រះធាតុទឹកឆា
រឿង ប្រាសាទព្រះធាតុទឹកឆា
ប្រជុំរឿងព្រេងខ្មែរ
https://legend.morningcambodia.com/2020/07/blog-post_837.html
https://legend.morningcambodia.com/
https://legend.morningcambodia.com/
https://legend.morningcambodia.com/2020/07/blog-post_837.html
true
642163426489027068
UTF-8
មិនមានអត្ថបទនោទេ មិនមានអត្ថបទទាក់ទងទេ VIEW ALL Readmore Reply Cancel reply Delete By ទំព័រដើម PAGES រឿងនិទាន View All RECOMMENDED FOR YOU Tag ARCHIVE អត្ថបទទាំអស់ សូមទោសមិនមានអត្ថបទដែលអ្នកកំពុងស្វែងរកនោះទេ។ ត្រលប់ទៅទំព័រដើម Contents រឿងទាក់ទង Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy