រឿង ប្រាសាទភ្នំជីសូរ

ភ្នំជីសូរ ជាឈ្មោះទីកន្លែងមួយ ដែលគេស្គាល់ច្រើន ក្នុងមជ្ឈដ្ឋានអ្នកចូលចិត្តធ្វើដំណើរកម្សាន្តតាមទីជិត ឬ ឆ្ងាយ ព្រោះជាទីដំណែលបុរាណ ហើយជារមណីយដ្ឋានដែលទើបនឹងរៀបចំថ្មីៗ ក្នុងប្រទេសកម្ពុជាយើង ។ ការល្បីរន្ទឺនាមដូច្នេះ ជាហេតុនាំឲ្យអ្នកផងចង់ដឹងអំពីភាពរាង ទីតាំង និង ប្រវត្តិដើមរបស់កន្លែងនេះ ឲ្យរឹងរឹតបានច្បាស់លាស់ឡើង ព្រោះបណ្ដាអ្នកដែលពុំទាន់បានឃើញ ក៏មានគំនិតឆ្ងល់ ចង់ឃើញ ចង់ដឹងទាំងស្រុង, ចំណែកអ្នកដែលធ្លាប់បានស្គាល់ហើយ ក៏រមែងនៅមានឆ្ងល់ពីប្រវត្តិ ដើមកំណើតទីនេះ ជាមិនខានដែរ ។

អាស្រ័យហេតុនេះហើយ បានជាក្រុមជំនុំទំនៀមទម្លាប់ខ្មែរ មានភារៈធ្វើការស្រាវជ្រាវ រកហេតុផលច្បាស់លាស់ យកមកអធិប្បាយបញ្ជាក់ជូនក្នុងគ្រានេះ ដោយប្រមូលឯកសារ ដែលសមាជិកឆ្លើយឆ្លងនៅខេត្តក្រៅ សរសេរឲ្យព័ត៌មានមក និង ដោយការចាត់ឲ្យសមាជិក ចេញទៅពិនិត្យសង្កេតផ្ទាល់ដល់ទីកន្លែង ព្រមទាំងសាកសួរអ្នកស្រុក ដែលនៅជិតខាងទីនោះទៀតផង ។

ភ្នំជីសូរស្ថិតនៅក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ គឺនៅជាប់នឹងផ្លូវជាតិ ដែលបែកចេញពីផ្លូវជាតិលេខ ២ (ភ្នំពេញ-តាកែវ) កាត់តម្រង់ទៅឯផ្សារព្រៃល្វា ស្រុកព្រៃកប្បាស ។ ផ្លូវថ្នល់ត្រង់ជើងភ្នំនេះ ជ្រុងខាងជើង មានបែកជា ៣ គឺមួយ ចូលពីវត្តប្រាសាទនាងខ្មៅ, មួយបែកពីផ្លូវជាតិ កាត់មកតាមផ្សារបត់រកា (សាលាស្រុកសំរោង) និង មួយទៀតមកពីផ្សារព្រៃល្វា (សាលាស្រុកព្រៃកប្បាស) មកប្រសព្វគ្នាត្រង់កន្លែងនេះ ។ ដូច្នេះ អ្នកធ្វើដំណើរទៅពីភ្នំពេញ ដោយរថយន្តផ្ទាល់ខ្លួន អាចបត់ចូលតាមផ្លូវបែក ត្រង់វត្តប្រាសាទនាងខ្មៅក៏បាន ឬ ចាំទៅបត់តាមផ្លូវបំបែកចូលផ្លូវបត់រកាក៏បាន ។

សព្វថ្ងៃ នៅលើកំពូលភ្នំនេះ មានប្រាសាទបុរាណមួយតូចល្មម ប៉ុន្តែមានរបៀបរៀបរយប្រកបដោយផែនទី សមរម្យនៅឡើយ ។ ប្រាសាទនេះហើយ ដែលអ្នកផងនិយមហៅថា "ប្រាសាទភ្នំជីសូរ" ហើយដែលយើងអធិប្បាយពីខាងដើមថា អ្នកផងគេនិយមទៅទស្សនាជាញឹកញាប់ ។ តាមពិត រូបរាងប្រាសាទនេះ ពុំមានភាពស្ដុកស្ដម្ភ ដូចប្រាសាទអង្គរ ឬ ប្រាសាទដទៃទៀត នៅចំណោមអង្គរឡើយ, គេប្រទះឃើញតែកំពែងព័ទ្ធជុំវិញប៉ុណ្ណោះ ដែលនៅគង់ទ្រង់ ។ កំពែងនេះ ធ្វើពីថ្មភក់ ឬ ថ្មបាយក្រៀម តម្រៀបគ្នាជាពីរតម្រួតក្នុងក្រៅ ឃ្លាតពីគ្នាប្រមាណជា ២ ម៉ែត្រ ហើយខាងលើ មានតម្រៀបថ្មដូចគ្នានេះ ធ្វើជាដំបូលប្រក់ពីលើ អាចឲ្យមនុស្សជ្រកនៅក្នុងនេះបានយ៉ាងស្រួល ។ ជ្រុងទាំងបួននេះ មានទ្វារធំៗ នៅគ្រប់ទាំងបួនទិស ដោយមានថ្មឆ្លាក់ជាក្បាច់ត្របកឈូក បន្តុបគ្នាជាកំពូលប្រាង្គ ដ៏មានក្បាច់ផ្ដែ និង ក្បាច់ស៊ុមយ៉ាងស្រស់ គួរជាទីទស្សនាណាស់ផង ។ សងខាងទ្វារសំខាន់នេះ មានទ្វារតូចៗ ពីរ ដែលមានចន្លោះ ល្មមតែចុះខ្លួនមនុស្សម្នាក់ចេញចូលបាន ។ រូបចម្លាក់សំខាន់ជាងគេ នៅក្នុងផ្ដែនៃខ្លោងទ្វារទាំងនោះ មានរូបព្រះឥសូរ គង់លើអាសនៈ ក៏មានស្រីស្នំគាល់ហ្វៅ និង ពពួកសត្វលោក ឱនក្បាលគោរព ដង្កូវដង្ហែខ្លាចព្រះបារមី ។

សព្វថ្ងៃ កំពែងជុំវិញនេះ ទៅជាកំពែងព្រះវិហារព្រះពុទ្ធសាសនា ដែលទើបតែនឹងសង់ឡើងនៅគ្រាបច្ចុប្បន្នទៅវិញ គ្រាន់តែនៅសល់បណ្ណាល័យបុរាណ ជាថ្មបាក់បែកនៅសល់ សងខាងវិហារប៉ុណ្ណោះ ។

ដូច្នេះ មុននឹងជម្រាបទ្រង់ទ្រាយច្បាស់លាស់ ហាក់ដូចជាជួយបង្ហាញទីកន្លែងហូរហែ ដល់លោកអ្នកអាន យើងសូមជម្រាបអំពីប្រវត្តិពង្សាវតារនៃបុរាណដ្ឋាននេះ ជាមុនសិន ។ ប្រវត្តិនេះឯង មានពីរស្ថាន គឺមួយតាមការស្រាវជ្រាវ ដោយយកសិលាចារឹកធ្វើជាមូលដ្ឋាន និងមួយបែបទៀត ផ្អែកទៅលើរឿងព្រេងនិទាន ដែលអ្នកស្រុកនិយាយរត់មាត់តៗ គ្នា ជាច្រើនតំណមនុស្សមកហើយ ។

សិលាចារឹក ដែលអ្នកស្រាវជ្រាវ បានរកឃើញនៅលើភ្នំជីសូរ ទាំងអស់មាន ៤ គឺ បីផ្ទាំង ជាគោលដោយខ្លួនៗ ពីគ្នា និងមួយផ្ទាំងទៀត ចារជាប់នឹងស៊ុមទ្វារ (Piédroit) ។ សេចក្ដីក្នុងសិលាចារឹកទាំងអស់នេះមានចុះនាមព្រះមហាក្សត្រ ៣ ព្រះអង្គ គឺព្រះបាទសូរ្យវរ្ម័នទី ១ (គ. ស. ១០០២-១០៤៩) ព្រះបាទធរិណន្ទ្រវរ្ម័នទី ១ (គ. ស. ១១០៧-១១១៣) ព្រះបាទសុរ្យវរ្ម័នទី ២ (គ. ស. ១១១៣- ១១៤៥) ដែលជាហេតុនាំឲ្យយើង ចាប់សេចក្ដីបានថា ព្រះរាជាទាំង ៣ ព្រះអង្គនេះ មានការទាក់ទងក្នុងដំណើរសាងបុរាណវត្ថុនេះ ជាប្រាកដ ។ ដូច្នេះ យើងស្រង់យកន័យជាដំណើរសាងទីកន្លែងនេះ មកចុះក្នុងសេចក្ដីស្រាវជ្រាវបាន ដោយសង្ខេបថា ៖

ចាប់ផ្ដើមឡើង, សិលាចារឹករបស់បណ្ឌិតសិវាចារ្យ សរសេរថា កាលនោះ ៩៣៩ ស័ក (គ. ស. ១០១៧) ក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី ១, លោកបណ្ឌិតសិវាចារ្យ បានចូលបព្វជ្ជាក្នុងសាសនាព្រាហ្មណ៍ ស្ថិតក្នុងទីអាស្រមបទមួយកន្លែងឈ្មោះ យោគេន្ទ្រាល័យ ដែលពពួកអ្នកមានសទ្ធាជំនាន់នោះ បានរួបរួមគ្នាកសាងឡើង នៅលើកំពូលភ្នំ (គឺជីសូរនេះឯង) ។ បន្ទាប់មក មានមន្ត្រីជាន់ខ្ពស់ម្នាក់នាម គម្ដែងអញ ស្រីវិរិន្ទ្រ ដែលជាអ្នកឧបត្ថម្ភអាស្រមបទ "យោគេន្ទ្រាល័យ" និងជាឧបដ្ឋាករបស់បណ្ឌិតសិវាចារ្យផង លោកបានផ្ដើមគំនិត រើតាក់តែងទីអាស្រមនេះ ឲ្យបានធំថ្កុំថ្កើងរុងរឿងទៀត ។ កិច្ចការដ៏ធំនេះ នឹងធ្វើទៅបាន លុះណាតែមានមធ្យោបាយគ្រប់គ្រាន់ ម្ល៉ោះហើយបានជាសិវាចារ្យ និង ស្រីវរិន្ទ្រ បានមូលមតិគ្នាធ្វើជាគម្រោងការមួយ ដាក់ថ្វាយព្រះមហាក្សត្រទ្រង់ពិនិត្យ ដើម្បីសុំព្រះរាជានុញ្ញាត និង សុំព្រះរាជូបត្ថម្ភក៏ផង ។ កាលនោះ ព្រះបាទសុរ្យវរ្ម័នទី ១ ព្រះអង្គក៏ទ្រង់មេត្តាប្រោស តាមការស្នើនេះ ដោយបានទាំងប្រោសប្រទាន នូវវត្ថុមានតម្លៃ សម្រាប់ជាការចំណាយក្នុងកិច្ចស្ថាបនានេះទៀត ។ មិនតែប៉ុណ្ណោះ ទ្រង់ប្រោសប្រទាននូវដីត្រង់តំបន់ដែលហៅថា យោគេន្ទ្រាល័យ និង ដីស្រុកភូមិមួយ ជាប់នឹងទីនេះ ដែលមានឈ្មោះថា "យោគេន្ទ្របុរៈ" ដល់ការស្ថាបនានេះទៀត ។ ចាប់តាំងពីនោះមក បណ្ឌិតសិវាចារ្យ និង គម្ដែងអញ ស្រីវរិន្ទ្រ នាំគ្នាចាត់ចែងស្ថាបនាទៅនេះ ឲ្យកើតឡើងជាតួប្រាសាទស្ដុកស្ដម្ភ ហើយក៏សុំប្រោសព្រះរាជទាន នូវនាមទីសក្ការសង់ថ្មី នៅលើភ្នំនេះឲ្យហៅថា "សុរ្យបវ៌ត" ដែលបានន័យថា ភ្នំនៃព្រះបាទសុរ្យ" ។

កិច្ចការស្ថាបនានេះ ពុំមែនធ្វើហើយភ្លាមៗ ទេ, ហេតុនេះហើយបានជា ផុតពីរាជ្យ នៃព្រះបាទសុរ្យវរ្ម័នទី ១ ទៅ ក៏នៅតែបន្តកិច្ចការនេះតទៅ ក្នុងរាជ្យព្រះបាទធរណិន្ទ្រវរ្ម័នទៀត រហូតដល់រជ្ជកាលព្រះបាទសុរ្យវរ្ម័នទី ២ ទើបបានហើយស្រេច, ព្រះបាទសុរ្យវរ្ម័ន ទ្រង់យាងធ្វើជាព្រះរាជាធិបតី ក្នុងពិធីសម្ពោធបូជនីយដ្ឋាននេះជាស្រេច ។ ដោយមានដំណើរដូច្នេះ ទើបសិលាចារឹកទាំងឡាយនៅលើភ្នំជីសូរ មានចែងអំពីព្រះនាមព្រះរាជាទាំង ៣ អង្គនេះ ។ កាលបើបានជាបូជនីយដ្ឋានស្ដុកស្ដម្ភហើយ ពពួកព្រាហ្មណ៍ ដែលទទួលភារៈក្នុងកិច្ចការស្ថាបនានេះ បន្តមកពី គម្ដែងអញស្រីវរិន្ទ្រ នោះមក ក៏កសាងជាបដិមាករសំខាន់ៗ តម្កល់នៅក្នុងទីនេះ ធ្វើជាទីសក្ការបូជា សម្រាប់អ្នកផងទូទៅ ។ បដិមាករសំខាន់ជាងគេ ថ្វាយនាមថា "វ្ឫសធ្វជ" ដែលជាតំណាងព្រះឥសូរ ហើយមានព្រះនាមមួយទៀត ដែលនិយាយក្នុងសិលាចារឹកជាញឹកញាប់ ហៅថា "គម្ដែង ជគត ស្រី សុរ្យវរ្ម័ន ទេវៈ" ។

សេចក្ដីរៀបរាប់មកទាំងនេះ បញ្ជាក់តាមន័យក្នុងសិលាចារឹកទាំងប៉ុន្មានផ្ទាំង ដែលយើងចង្អុលបង្ហាញមកហើយខាងលើ ។ បន្តទៅទៀតនេះ យើងងាកបែរទៅលើកយករឿងព្រេង តាមអ្នកស្រុកចាំតៗ គ្នា មកអធិប្បាយម្ដង, ព្រោះជាធម្មតា អ្នកស្រុកដែលនៅតាមទីកន្លែងក្បែរៗ នោះ រមែងមានចាំរឿងរ៉ាវតាមស្រុក តាមភូមិរបស់ខ្លួន រៀងៗ ខ្លួន ហើយរឿងទាំងនោះ ជួនកាល ក៏មានសារៈ គួរយកជាការបានខ្លះដែ ។

រឿងព្រេងនោះ ដំណាលថា ៖ កាលនោះ មានក្សត្រមួយព្រះអង្គ ព្រះនាមសុរិយា-ទេវេស សោយរាជ្យជាអង្វែងមកហើយ បានកសាងព្រះរាជនិវេសន៍នៅក្បែរជើងភ្នំមួយ (ភ្នំជីសូរសព្វថ្ងៃ) ដែលមានបឹងធំមួយទៀត ហៅថា "ទន្លេឱម" នៅជាប់ពីខាងកើត ។ រាជនិវេសន៍នេះ ស្ថិតនៅកណ្ដាលព្រៃមួយ ហៅថា "ព្រៃសែនភូវាំង" ក្រោយដែលសាងព្រះរាជនិវេសន៍រួចហើយ ព្រះរាជាទ្រង់ប្រារព្ធធ្វើពិធីចម្រើនព្រះកេសព្រះរាជឱរសរបស់ព្រះអង្គ ។ ព្រះរាជពិធីយ៉ាងឧឡារិក ក៏ផ្ដើមឡើង ដោយមានពពួកព្រាហ្មណ៍ព្រឹទ្ធកវី ព្រឹទ្ធាចារ្យ ចូលថ្វាយសព្ទសាធុការពរ ចំពោះព្រះរាជឱរស បន្តបន្ទាប់គ្នា ។ ពេលនោះ មានព្រាហ្មណ៍ព្រឹទ្ធាចារ្យម្នាក់ ជាអធិបតីក្នុងពិធីនេះ បានចូលទៅថ្វាយព្រះពរក្រោយគេ មានសេចក្ដី ៣ ប្រការ ប្លែកពីគេថា ៖ - សូមឲ្យមានកម្លាំងដូចស្រមោច - សូមឲ្យមានឫទ្ធិដូចខ្មោច - សូមឲ្យមានចិត្តមុតដូចមនុស្សស្រី

ក្រោយដែលទ្រង់ព្រះសណ្ដាប់ឃ្លានេះចប់ ព្រះរាជាទ្រង់ក្រោធនឹងព្រាហ្មណ៍ព្រឹទ្ធាចារ្យមួយរំពេច, ប៉ុន្តែ ព្រាហ្មណ៍ សុំព្រះរាជានុញ្ញាត ធ្វើជាពិសោធយកជាបន្ទាល់ ថ្វាយព្រះអង្គទ្រង់យល់សិន ។ ព្រះមហាក្សត្រទ្រង់ប្រោសប្រទានតាមសេចក្ដីសុំ ។

ដំបូង ត្រង់ពរថា "ឲ្យមានកម្លាំងដូចស្រមោច" ព្រាហ្មណ៍បង្គាប់ឲ្យធ្វើរូបដែកមួយ ប៉ុនខ្លួនមនុស្សម្នាក់ ហើយហៅមនុស្សម្នាក់ ឲ្យមកលើករូបដែកនេះល្បងមើល តែលើកមិនរួចសោះ ។ រួចព្រាហ្មណ៍ឲ្យយកម្ជុលមួយប៉ុនខ្លួនស្រមោច មកកាត់យកប្រវែងប៉ុនស្រមោច, ប្រឡាក់ទឹកឃ្មុំ ហើយយកទៅដាក់ឲ្យស្រមោចរោម, ពេលនោះ ស្រមោចមួយក៏ពាំកំណាត់ម្ជុលនោះបាត់ទៅ ។ ព្រាហ្មណ៍ ក្រាបបង្គំទូលព្រះមហាក្សត្រថា "ក្រាបទូល នេះហើយ ដែលថា កម្លាំងដូចស្រមោច" ។

ពរ ទី ២ ដែលថា "មានឫទ្ធិដូចខ្មោច" ព្រាហ្មណ៍ ឲ្យគេយកខ្មោចស្លាប់តៃហោង ៧ យ៉ាង គឺ ស្លាប់ដោយសម្រាលកូន ១, ដោយពស់ចឹក ១, ដោយក្របីវ័ធ ១, ដោយរន្ទះបាញ់ ១, ដោយគេលបកាប់ ១, ដោយលង់ទឹក ១, ដោយចងក ១, ហើយឲ្យយកខ្មោចទាំង ៧ នេះ ទៅកប់នៅឆ្ងាយពីភូមិស្រុក រួចហើយឲ្យយកផ្តិលប្រាក់ល្អៗ ទៅកប់នៅចំចន្លោះក្បាលខ្មោចនេះ ។ មិនតែប៉ុណ្ណោះឲ្យយកពែរួត, ពែហ៊ុម, ពែជើងត្រុំ, ពែច្រមុះជ្រូក ជាដើម ទៅតម្រៀបនៅលើកំណប់ក្បាលខ្មោចនេះ ដោយមានដាក់បាយស បាយក្រហម ក្បាលជ្រូក មានឆ្កាងនៅត្រង់នោះផង, លុះដល់ពេលយប់ស្ងាត់ ព្រាហ្មណ៍ក៏ប្រើពួកអមាត្យណាម្នាក់ដែលចង់បានផ្តិលប្រាក់ ដែលកប់នោះ ឲ្យទៅជីកយកចុះ ។ ពេលនោះ គ្មាននរណាម្នាក់ ហ៊ានទៅយកផ្តិលប្រាក់នោះសោះ ។ ត្រង់នេះ ព្រាហ្មណ៍ ក្រាបទូលព្រះរាជាថា "នេះហើយ ដែលហៅថា ៖ មានឫទ្ធិដូចខ្មោច" ។

ចំណែកពរទី ៣ ដែលថា "មានចិត្តមុតដូចមនុស្សស្រី" នោះ, ព្រាហ្មណ៍ព្រឹទ្ធាចារ្យ បានធ្វើការពិសោធន៍វែងឆ្ងាយ ដូចតទៅនេះ ។ ដំបូងហៅបុរសកម្សត់ម្នាក់ មកនិយាយថា ៖ មើល៍ ! សព្វថ្ងៃនេះ អ្នកឯងកម្សត់តោកយ៉ាក, បើខ្ញុំបង្គាប់ឲ្យអ្នកសម្លាប់ប្រពន្ធអ្នកឯងចោល, ក្នុងរយៈបីថ្ងៃទៀត ខ្ញុំនឹងតាំងឲ្យអ្នកធ្វើជាមន្ត្រីធំ តើសុខចិត្តឬទេ ? ។ បុរសសញ្ជឹងគិតមួយសន្ទុះ ក៏ងើបឡើងឆ្លើយថា "ខ្ញុំមិនអាចធ្វើបានទេលោក ! ព្រោះភរិយាខ្ញុំនេះ បានរួមសុខ-ទុក្ខ កម្សត់កម្រនឹងគ្នាយូរមកហើយ ខ្ញុំមិនងាយបំភ្លេចសេចក្ដីកម្សត់នេះបានទេ ហើយមួយទៀត ភរិយាខ្ញុំជាមនុស្សស្រី គ្នាតែងទន់ភ្លន់ជានិច្ច ដូច្នេះហើយបានជាខ្ញុំរកដាច់ចិត្តសម្លាប់មិនកើត" ។ ឮសូរឆ្លើយដូច្នេះ ព្រាហ្មណ៍ ក៏ប្រើឲ្យបុរសនេះត្រឡប់ទៅផ្ទះវិញ ។ ថ្ងៃបន្ទាប់មក ព្រាហ្មណ៍ ឲ្យអមាត្យទៅលបហៅនាងជាភរិយាមកសួរម្ដង ។ នាងនោះ មកដល់ភ្លាម, ព្រាហ្មណ៍ ក៏ចាប់សួរថា ៖ "នែនាង" ប្ដីនាងជាមនុស្សក្រណាស់ អនាគតនាងក៏ពុំមានសង្ឃឹមអ្វីដែរ, ដូច្នេះ ខ្ញុំស្នើស្ងាត់ៗ ជាមួយនាងថា បើនាងហ៊ានសម្លាប់ប្ដីនាង ក្នុងរយៈពេលបីថ្ងៃទៀត ខ្ញុំនឹងលើកនាងជាប្រពន្ធពេញយស ហើយខ្ញុំប្រគល់ដាក់ដៃនាង នូវទ្រព្យសម្បត្តិ មានតម្លៃទាំងអស់ ។ នាងស្រីនោះ នៅស្ងៀមមួយសន្ទុះ ពុំចេញស្ដីសោះ, ព្រាហ្មណ៍ព្រឹទ្ធាចារ្យ ក៏អនុញ្ញាតឲ្យនាងយកទៅរេគិតមួយថ្ងៃសិនចុះ ចាំដល់ថ្ងៃស្អែក សឹមមកប្រាប់វិញ ។ នាងស្រីក៏លាចេញទៅ, លុះដល់ថ្ងៃស្អែក ត្រឡប់នាំចម្លើយមកវិញ ។ នាងឆ្លើយជម្រាបព្រាហ្មណ៍ នៅចំពោះព្រះភក្ត្រព្រះមហាក្សត្រថា "ខ្ញុំព្រមធ្វើតាមលោកហើយ ព្រោះខ្ញុំគ្មានសង្ឃឹមលើប្ដីខ្ញុំទេ បើរកស៊ីនេសាទត្រីយ៉ាងនេះ" ។

គ្រាន់តែនាងនេះឆ្លើយចប់ភ្លាម, ព្រាហ្មណ៍ព្រឹទ្ធាចារ្យ ក៏ងាកបែរយ៉ាងប្រញាប់ ទៅក្រាបទូលព្រះរាជាមួយរំពេចថា "ក្រាបទូល នេះហើយជាបន្ទាល់ ដែលទូលព្រះបង្គំក្រាបទូលថា ៖ មានចិត្តមុតដូចស្រី" ។

ព្រះមហាក្សត្រ កាលបើព្រះអង្គបានយល់សព្វគ្រប់បន្ទាល់ តាមពាក្យព្រាហ្មណ៍ព្រឹទ្ធាចារ្យរួចហើយ ព្រះអង្គក៏តម្កល់ព្រាហ្មណ៍នេះជាអ្នកប្រាជ្ញធំ ហើយប្រទានពរតាមសេចក្ដីប្រាថ្នា ។ ពេលនេះ ព្រាហ្មណ៍ក៏សុំព្រះអង្គអនុញ្ញាតសាងអាស្រមបទ សម្រាប់ពួកព្រាហ្មណ៍ ឲ្យបានស្ដុកស្ដម្ភនៅលើកំពូលភ្នំ ដែលជាប់នឹងព្រះរាជនិវេសនដ្ឋាននេះ ។ ដោយចង់តបស្នង សងគុណព្រាហ្មណ៍នេះផង, ព្រះអង្គ ក៏ទ្រង់ប្រោសព្រះរាជានុញ្ញាត តាមបំណងព្រាហ្មណ៍ ហើយក៏តាំងជាព្រះគ្រូនៃព្រះរាជបុត្រាតរៀងទៅ ។

សេចក្ដីអធិប្បាយហូរហែមកនេះ សម្រាប់បញ្ជាក់ឲ្យឃើញនូវប្រវត្តិដើម នៃប្រាសាទបុរាណនៅលើភ្នំជីសូរ គឺមានទាំងបែបប្រវត្តិការណ៍ផង ទាំងបែបរឿងព្រេងផង ។ ប៉ុន្តែ បើយើងផ្ទូរផ្ទឹម តាមបែបស្រាវជ្រាវប្រវត្តិសាស្ត្រវិញ យើងនិយមយកសិលាចារឹក ធ្វើជាមូលដ្ឋានសំខាន់ជាង ត្បិតសិលាចារឹក ពុំមានអ្នកណាកែប្រែបាន សូម្បីបន្តិចបន្តួចឡើយ រីឯរឿងព្រេងវិញ រមែងមានវិបត្តិឃ្លៀងឃ្លាតជាធម្មតា ព្រោះអ្នកចាំ នាំមកនិយាយតៗ គ្នា តែងតែមានលើសខ្វះបន្តិចម្នាក់ៗ ជារៀងរាល់គ្នា ។ ដូច្នេះទើបយើងបញ្ជាក់បានថា ប្រាសាទនៅលើភ្នំជីសូរនេះ កសាងឡើងតាំងពីរាជ្យព្រះបាទសុរ្យវរ្ម័នទី ១ រវាង គ. ស. ១០០២ ដល់ ១០៤៩ ដើម្បីឧទ្ទិសថ្វាយទេវរូប តំណាងព្រះសិវៈ ដែលមានសម្មតិនាមមួយ ថាៈ "គម្ដែងជគត ស្រី សុរ្យវរ្ម័ន ទេវៈ" ឬហៅកាត់ខ្លីឲ្យចំថា "ព្រះឥសូរ" ហើយទីនេះក៏មាននាមថា "សុរ្យបវ៌ត" បានន័យថា ភ្នំនៃព្រះបាទសុរ្យវរ្ម័ន ។
Name

ប្រជុំរឿងព្រេងខ្មែរ ប្រជុំរឿងព្រេងខ្មែរ ភាគទី០១ ប្រជុំរឿងព្រេងខ្មែរ ភាគទី០២ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៣ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៤ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៥ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៦ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៧ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៨ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៩
false
ltr
item
ប្រជុំរឿងព្រេងខ្មែរ: រឿង ប្រាសាទភ្នំជីសូរ
រឿង ប្រាសាទភ្នំជីសូរ
ប្រជុំរឿងព្រេងខ្មែរ
https://legend.morningcambodia.com/2020/07/blog-post_89.html
https://legend.morningcambodia.com/
https://legend.morningcambodia.com/
https://legend.morningcambodia.com/2020/07/blog-post_89.html
true
642163426489027068
UTF-8
មិនមានអត្ថបទនោទេ មិនមានអត្ថបទទាក់ទងទេ VIEW ALL Readmore Reply Cancel reply Delete By ទំព័រដើម PAGES រឿងនិទាន View All RECOMMENDED FOR YOU Tag ARCHIVE អត្ថបទទាំអស់ សូមទោសមិនមានអត្ថបទដែលអ្នកកំពុងស្វែងរកនោះទេ។ ត្រលប់ទៅទំព័រដើម Contents រឿងទាក់ទង Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy