រឿង ប្រាសាទភ្នំបូរី-ភ្នំដា

ភ្នំបូរី ស្ថិតនៅក្នុងឃុំអង្គបូរី ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ សព្វថ្ងៃ គេធ្វើដំណើរទៅកាន់ភ្នំនេះបាន ដោយលំបាកបន្តិច ព្រោះត្រូវទៅតាមផ្លូវជាតិ ទៅដល់ផ្សារព្រៃល្វា (សាលាស្រុកព្រៃកប្បាស) ហើយត្រូវបែកចូលផ្លូវលំ ចម្ងាយ ២២ គីឡូម៉ែត្រទៀត ទើបដល់ផ្សារអង្គបូរី ។ ដែលជាទីតាំងនៃចៅតំបន់អង្គបូរី ។ លុះឆ្លងស្ពាន ទៅត្រើយខាងត្បូង ធ្វើដំណើរទៅតាមផ្លូវរទេះ ប្រមាណ ៥ ឬ ៦ គីឡូម៉ែត្រទៀត ទើបទៅប្រទះឃើញភ្នំពីរទន្ទឹមគ្នា គឺភ្នំដា នៅខាងកើត ភ្នំបូរី នៅខាងលិច ។ ម្យ៉ាងទៀត ផ្លូវនេះ បើជារដូវវស្សាវិញ ត្រូវទឹកលិចល្ហល្ហាច តោងតែជិះទូកឆ្លងទើបបាន ។

ភ្នំទាំងពីរនេះ មានទំនងជាទីស្ថានវាំងបន្ទាយ ដែលមានសេសសល់តាំងពីបុរាណកាល គឺនៅភ្នំបូរី មានថ្មភក់តម្រៀបបង្គរគ្នាជាកំពែងបន្ទាយធំទូលាយ ដែលសព្វថ្ងៃ បាក់បែកស្ទើរតែបាត់រូបឆោមអស់ទៅហើយ ឯនៅលើភ្នំដា ឃើញនៅសល់ប្រាង្គសិលាមួយ នៅមានជារូបរាងច្បាស់លាស់នៅឡើយ ដោយមានរំលេចក្បាច់រចនា គួរជាទីគយគន់ផង ។ មិនតែប៉ុណ្ណោះ នៅជិតខាងភ្នំទាំងពីរនេះ មានបុរាណដ្ឋានច្រើនទៀត ប្រកបដោយបែបរចនាពិសេសៗ ក្នុងជំនាន់នោះ ដូចជាបែបរចនាខាងស្ថាបត្យកម្ម ខាងការប៉ាន់រូបភាព និង ក្បាច់ចម្លាក់ភ្ញីវល្លិ នាំឲ្យអ្នកប្រាជ្ញខាងការស្រាវជ្រាវគុហាសាស្ត្រ (Archéologie) សន្មតឈ្មោះការរចនាខ្មែរនៅសម័យនោះ ហៅថា "បែបភ្នំដា" ។

សព្វថ្ងៃ ទេសចរទាំងឡាយ ពុំសូវបានទៅដល់ទីនេះទេ ដោយសារលំបាកខាងគមនាគមន៍ ដូចយើងជម្រាបមកហើយខាងលើ ។ ប៉ុន្តែ ទោះបីពុំបានឃើញផ្ទាល់ភ្នែកក៏ដោយ ការអានអត្ថបទ និងការស្ដាប់រឿងនិទាន ដែលទាក់ទងដោយរឿងរ៉ាវ នៅទីកន្លែងនោះ ក៏ហាក់ដូចជានាំឲ្យយើងបានឃើញ បានយល់ក្នុងចិត្តដែរ ។

ដើម្បីបញ្ជាក់ជូន ពីរឿងព្រេងប្រចាំភ្នំនោះ យើងសូមលើកយកសេចក្ដីឲ្យការណ៍របស់លោក ឌួង-អ៊ូច, អតីតចៅសង្កាត់ នៅសង្កាត់អង្កាញ់ ស្រុកព្រៃកប្បាស ហើយដែលជាសមាជិកឆ្លើយឆ្លង របស់ក្រុមជំនុំយើង មកអធិប្បាយជូនទាំងស្រុង ដោយបានផ្ទៀងផ្ទាត់ជាមួយនឹងការស៊ើបសួរពីអ្នកស្រុក នៅត្រង់ភូមិនោះថែមទៀតផង ។

រឿងព្រេងនោះ មានសេចក្ដីនិទានថា ៖

កាលនោះ មានព្រះរាជាមួយព្រះអង្គ គង់នៅព្រះរាជវាំងក្រុងចម្ប៉ាស័ក ឬ បាសាក់ គឺនៅផ្នែកខាងលើ តាមដងទន្លេមេគង្គ, ទ្រង់មានព្រះរាជបុត្រីមួយព្រះអង្គ ព្រះនាមព្រះនាង "អាក់អ" ។ ព្រះរាជបុត្រីនេះ មានរូបឆោមលោមពណ៌ស្រស់ឆើតឆាយណាស់ រកនរណាឲ្យល្អត្រឹមស្មើពុំបានឡើយ ។ ប៉ុន្តែ ដោយព្រះនាងមានព្រះទ័យរវើរវាយក្នុងកាមរាគ នាំឲ្យព្រះនាងស្លុតចិត្តប្រតិព័ទ្ធទៅលើបុរសទុគ៌តម្នាក់ ភ្លេចគិតអំពីកិត្តិយសរបស់ព្រះរាជវង្សានុវង្ស ។ ដូច្នេះហើយ បានជាព្រះបិតា ទ្រង់ត្រាស់ឲ្យចាប់ព្រះនាងនេះ ព្រមទាំងប្រុសសហាយ ដាក់ពោងពាយបំបរបង់ បណ្ដែតចោលតាមផ្ទៃទន្លេ ទម្លាក់ទៅកាន់សមុទ្រដ៏ធំល្ហល្ហេវទៅ ។ ក្នុងពោងពាយ ជាមួយនោះ ព្រះរាជាទ្រង់ចាត់ឲ្យដាក់ទាំងស្រូវ អង្ករ ល្ង ពោត សណ្ដែក អំបិល ព្រហក់ ជាស្បៀងជាប់ទៅជាមួយ ព្រមទាំងគ្រឿងប្រដាប់ប្រើប្រាស់ជាច្រើនផង, លុះពោងពាយនោះ រសាត់អណ្ដែតទៅៗ ជាយូរថ្ងៃ ក៏បានទៅប៉ះជាប់នឹងភ្នំមួយ (គឺភ្នំបូរីនេះឯង) ដែលគេពុំទាន់បានឃើញមានមនុស្សណាទៅរស់នៅ នៅឡើយទេ ។ នាងអាក់អរ និង ស្វាមី នាំគ្នាត្រេកអរដោយបានមកប៉ះត្រើយ នាំឲ្យខ្លួនរស់រួចជីវិតបាន, ទើបនាំគ្នាម្នីម្នាជញ្ជូនរបស់របរដែលខ្លួនមានទាំងប៉ុន្មាន ចុះទៅអាស្រ័យនៅនឹងភ្នំនោះ ។ អ្នកទាំងពីរ ចាប់ប្រកបរបរដំណាំដាំដុះ និង ស្វែងចូលព្រៃរកកាប់ឈើធ្វើឧស និង ធ្វើជាខ្ទមអាស្រមសម្រាប់ជ្រកនៅផង ។

ក្រោយពីបានតាំងលំនៅឋាន បានស្រួលបួលមកថ្ងៃណា នាងអាក់អ តែងព្រួយលំបាកក្នុងព្រះទ័យណាស់ ព្រោះបារម្ភនឹងសុខ-ទុក្ខរបស់ខ្លួនផង នឹករលឹកដល់ស្រុកកំណើតផង និងស្ដាយកិត្តិយសរបស់ខ្លួនដែលធ្លាប់តែថ្កុំថ្កើងផង ។ ហេតុនេះហើយ រៀងរាល់យប់, មុននឹងចូលដំណេក នាងតែងអុជធូបទៀនបន់ស្រន់ បួងសួងដល់អារុក្ខអារក្ខអ្នកតានៅព្រៃភ្នំ ព្រមទាំងម្រេញគង្វាលដែលរក្សានៅបឹងបួទួលទីនោះថា ៖ សូមឲ្យលោកជួយបីបាច់ថែរក្សាយើងទាំងពីរនាក់ ឲ្យបានសុខសប្បាយ រកស៊ីចិញ្ចឹមជីវិតក៏បានបរិបូណ៌ កុំឲ្យមានសេចក្ដីខ្វះខាតឡើយ ។ ដោយអានុភាពនៃសេចក្ដីអធិដ្ឋានរាល់ៗ ថ្ងៃយ៉ាងនេះ មិនយូរប៉ុន្មាន ក៏មានអ្នកសច្ចំបំបាំងបាត់មួយអង្គ មកពន្យល់សប្ដិប្រាប់នាងថា "ចាប់ពីថ្ងៃនេះទៅ" ចូរនាងកុំភ័យឲ្យសោះ យើងជាអ្នកសច្ចំ នឹងជួយនាងឲ្យបានសុខ ឲ្យបានថ្កុំថ្កើងល្បីឈ្មោះនៅក្នុងទីនេះ, ប៉ុន្តែយើងមិនបាច់ឲ្យនាងឃើញរូបយើងទេ ។ ក្រោយពីស្ដាប់បណ្ដាំអ្នកសច្ចំដូច្នេះ ព្រះនាងភ្ញាក់ខ្លួនភ្លាម ហើយព្រះនាងនាំព័ត៌មាននេះ ប្រាប់ស្វាមីកម្សត់ឲ្យបានដឹងផង ។

ចាប់ដើមពីថ្ងៃនោះមក ព្រះនាងបានចាត់បុរសជាប្ដីទៅរកឧសពីក្នុងព្រៃរាល់ថ្ងៃដូចធម្មតា ។ ឯបុរសជាប្ដីនោះ ទៅកាប់ឧសបានសុទ្ធតែដើមចន្ទន៍ក្រស្នាមានក្លិនក្រអូប រែកជញ្ជូនមកគរទុកជាច្រើនគំនរ ប៉ុន្តែ មានប្រាថ្នាយកមកប្រើត្រឹមតែជាឧសដុតប៉ុណ្ណោះ ឥតមានយល់ថា នេះជាឈើមានតម្លៃឡើយ ។ ថ្ងៃមួយនាងអាក់អ ចេញទៅមើលគំនរឧស ក៏ស្គាល់ច្បាស់ជាឈើចន្ទន៍ក្រស្នាដែលមានតម្លៃ ព្រះនាងក៏ញញឹមប្រាប់ប្ដីថា "រកឈើនេះឲ្យបានច្រើនមកទៀត" ។ ប្ដីក៏ខំប្រឹងរកតាមបណ្ដាំប្រពន្ធ ។ ពេលមួយ បុរសនោះទៅក្នុងព្រៃ ប្រទះដុំមាសក្រហមឆ្អៅជាច្រើន ក៏គិតថា "ថ្មនេះ មានសម្បុរល្អចម្លែកជាថ្មទាំងពួង បើដូច្នេះ អញគិតយកទៅផ្ទះឲ្យបាន ៣ ដុំ សម្រាប់ឲ្យប្រពន្ធតម្កល់ធ្វើជើងក្រាន" ។ គិតដូចនេះហើយ បុរសនោះ ក៏លើកថ្មដាក់ក្នុងល្អី រែកយកទៅផ្ទះ ដោយមិនស្គាល់ជាដុំមាសឡើយ ។ លុះប្រពន្ធបានឃើញដុំមាសដូច្នោះហើយ ស្គាល់ច្បាស់ជាមាស តែមិនប្រាប់ប្ដីទេ គ្រាន់តែផ្ដាំប្ដីថា "បើប្រទះឃើញថ្មក្រហមដូច្នេះទៀត ឲ្យជញ្ជូនមកទុកទាំងអស់" ។ ប្ដីក៏ធ្វើតាមបណ្ដាំនាងជាដរាប ។

ថ្ងៃមួយព្រះនាងគិតឃើញថា ឧសចន្ទន៍ក្រស្នា និង មាសរបស់អញមានកាន់តែច្រើនឡើងហើយ បើដូច្នេះ អញគិតលើកទង់មួយខ្ពស់ជាសញ្ញា ក្រែងមានសំពៅពីប្រទេសក្រៅ ធ្វើដំណើរជំនួញលក់ដូររបស់ផ្សេងៗ គេឃើញហើយនឹងចូលមកទាក់ទង ។ គិតហើយ ព្រះនាងក៏នាំប្ដីប្រញាប់ប្រញាល់ធ្វើតាមគំនិតនេះភ្លាម ។ មិនយូរប៉ុន្មាន មានដង្ខៅសំពៅនៅស្រុកស្លាត់លង្កា បើកសំពៅទាំង ៧ នាំកំណាត់សំពត់ និង ភស្តុភារដទៃទៀត មកលក់ដូរតាមឆ្នេរសមុទ្រ ។ លុះសំពៅនេះ បានមកដល់ជិតភ្នំបូរី ក៏ឃើញទង់សញ្ញាឲ្យដឹងថា ទីនេះមានមនុស្សរស់នៅ ទំនងជាមានការចង់ទាក់ទងលក់ដូររបស់របរផង គេនាំគ្នាតម្រង់ក្បាលសំពៅចូលចតត្រង់ទីនោះ ។ នាយសំពៅទាំង ៧ នាក់ ឡើងទៅលើដីគោក ប្រទះឃើញព្រះនាងអាក់អ ពីរនាក់ប្ដីប្រពន្ធរស់នៅក្នុងទីនោះ ក៏ពោលប្រាស្រ័យទាក់ទងដោយការគួរសម ។ ព្រះនាងអាក់អ បបួលនាយសំពៅដូរកំណាត់សំពត់ ព្រមទាំងភស្តុភារផ្សេងៗ ជាមួយនឹងឈើចន្ទន៍ក្រស្នារបស់ព្រះនាង ។ នាយសំពៅយល់ព្រមសុខចិត្តដូរគ្នា ហើយទើបនាងនាំនាយសំពៅទាំងនោះ ទៅបង្ហាញឃ្លាំងដុំមាសរបស់ព្រះនាងទៀត ។ នាយសំពៅបបួលដូរកំណាត់សំពត់ជាមួយមាសនោះ ប៉ុន្តែ ព្រះនាងអាក់អមិនព្រម ។ ព្រះនាងប្រាប់ទៅនាយសំពៅថា "បើចង់បានមាសនេះ ចូរអ្នកទៅនាំយកជាងមាសចំនួន ១០០ នាក់ប្រុស ១០០ នាក់ស្រី ១០០ មកឲ្យខ្ញុំសិន" ។ គ្រានោះនាយសំពៅក៏ព្រមយ៉ាងពេញចិត្ត ហើយក៏នាំគ្នាបើកក្ដោងសំពៅ វិលត្រឡប់ទៅស្រុកកំណើតខ្លួនវិញ ។ ជាខាងក្រោយមក ពេលដែលទៅដល់ស្រុកហើយ នាយសំពៅនិយាយបញ្ចុះបញ្ចូលអ្នកស្រុកដែលចេះធ្វើជាងមាស ទាំងប្រុសស្រីចំនួន ២០០ នាក់ ដូចពាក្យនាងស្រីបានផ្ដាំមក ។ កាលបើបានគ្រប់ចំនួនហើយ នាយសំពៅរូតរះចុះសំពៅ វិលត្រឡប់ទៅស្រុកព្រះនាងអាក់អយ៉ាងប្រញាប់ ។ នាយសំពៅប្រគល់ឲ្យព្រះនាងអាក់អ ព្រះនាងក៏ប្រគល់មាសឲ្យទៅគ្រប់សំពៅទាំង ៧ ឲ្យគេវិលត្រឡប់ទៅស្រុកវិញទៅ ។

ចំណែកព្រះនាងអាក់អ និង ស្វាមី ក៏បានចាត់ចែង ពួកអ្នកស្រុកស្លាត់ទាំងប៉ុន្មាន ដែលមករស់ជាមួយ ឲ្យអ្នកខ្លះទៅជួយគាស់ជញ្ជូនយកដុំមាសមកពីភ្នំ ឲ្យបានច្រើនឡើងថែមទៀត, អ្នកខ្លះឲ្យដំរំលាយមាសផែធ្វើជាគ្រឿងអលង្ការផ្សេងៗ មានធ្វើជាកង ចិញ្ចៀន ជាដើម ។ លុះបានរបស់របរច្រើនហើយ តែងមានឈ្មួញស្រុកក្រៅចូលសំពៅ មកចតទាក់ទងទិញដូររបស់របរទាំងនេះជាហូរហែ ។ មិនយូរប៉ុន្មាន ៥-៦ ឆ្នាំប៉ុណ្ណោះ ក៏មានអ្នកស្រុកក្រៅខ្លះៗ ទៀត មកសុំជ្រកនៅរកស៊ី បានគ្នាកាន់តែច្រើនកុះករឡើង, ឯអ្នកស្រុកស្រីប្រុសដែលមកនៅយូរហើយនោះ ក៏បង្កើតបានជាកូន ពូនជាចៅ ថែមឡើងទៀត, ម្ល៉ោះហើយ ភូមិស្រុកនោះ ក៏បានរីកធំឡើង ហើយអ្នកស្រុកទាំងអស់ ក៏គោរពដល់ព្រះនាងអាក់អ និង ស្វាមីគ្រប់ៗ គ្នា ព្រោះសំគាល់ថាជាម្ចាស់ទីកន្លែង និង ជាដង្ខៅនៃរបររកស៊ីក្នុងទីនោះ ។

ហេតុនេះហើយ បានជាព្រះនាងអាក់អ ដឹកនាំឲ្យស្វាមីប្រកាសតាំងខ្លួនជាស្ដេចមួយព្រះអង្គ គ្រងរាជនៅតំបន់នេះឡើង ដោយមានព្រះនាមថា ព្រះបាទ "សង្ខចក្រ" និង ព្រះនាងអាក់អ ជាអគ្គមហេសី ។ គ្រានោះ ព្រះបាទសង្ខចក្រ ទ្រង់ចាត់តាំងឲ្យមានជាមន្ត្រីរាជការ តាមក្រុមតាមពួក រវាងអ្នកស្រុកទាំងអស់នោះឡើង ។ មិនតែប៉ុណ្ណោះ ទ្រង់ចាត់ឲ្យរេហ៍ពលទាំងនោះ សង់បន្ទាយធ្វើជាកំពែងថ្ម និង ឥដ្ឋ ព័ទ្ធជុំវិញឲ្យកើតជាបរិវេណយ៉ាងធំមួយឡើង ហើយសន្មតបរិវេណកំពែងនោះ ហៅថា "បូរី" បានន័យថាទីក្រុង គឺថា ជនានុជន និង ភូមិស្ថានទាំងឡាយដែលស្ថិតនៅក្នុងបរិវេណនេះ ទុកជាអ្នកក្រុង សម្បត្តិក្រុង ។ ហេតុនេះឯង បានជាជាប់ឈ្មោះទីភ្នំនេះដល់សព្វថ្ងៃ ហៅថា "ភ្នំបូរី" ។ កាលបើសាងបានជាទីបូរីសមរម្យ មានកិត្តិយសសមរម្យ សមតាមប្រាថ្នាហើយ ព្រះបាទសង្ខចក្រ និង ព្រះអគ្គមហេសី ទ្រង់រំលឹកដល់គុណអ្នកសច្ចំ ដែលបានសន្យាថាជួយពីថ្ងៃមុននោះ, ព្រះអង្គក៏ចាត់ឲ្យសាងជាប្រាសាទថ្មតូចមួយ យ៉ាងល្អស្រស់នៅលើភ្នំខាងកើត ដែលសព្វថ្ងៃ ហៅថា ប្រាសាទភ្នំដា ដើម្បីឧទ្ទិសថ្វាយដល់អ្នកសច្ចំ ដែលមានគុណឧបការៈលើព្រះអង្គ ។

ដូច្នេះ យើងបញ្ជាក់ឡើងវិញ តាមរឿងព្រេងនេះ បានថា ភ្នំបូរី កើតឡើងពីព្រះបាទសង្ខចក្រ និង ព្រះនាងអាក់អ នោះឯង ដូចមានសេចក្ដីហូរហែមកហើយ ។

តាមសេចក្ដីសង្កេតដោយយកប្រវត្តិសាស្ត្រមកសំអាងផង ឃើញថា ប្រាសាទទាំងឡាយដែលកសាងឡើងនៅក្នុងភូមិភាគអង្គរបូរី អ្នកប្រាជ្ញស្រាវជ្រាវទាំងប៉ុន្មាន បានរកដានឃើញថា សុទ្ធសឹងជាប្រាសាទចាស់ជាងគេ គឺកសាងឡើងតាំងពីមុនសម័យអង្គរ (Préangkir) ដែលកាលនោះ ប្រទេសកម្ពុជាយើង នៅជាពីរផ្នែកនៅឡើយ គឺផ្នែកខាងលើមាន សម្ភុបុរៈ ជាទីក្រុង និងខាងមាត់សមុទ្រមាន វ្យាធបុរៈ ជារាជធានី ។ វ្យាធបុរៈនេះហើយ ដែលអ្នកប្រាជ្ញស្រាវជ្រាវ សន្និដ្ឋានច្បាស់លាស់ថា គឺអង្គរបូរី សព្វថ្ងៃនេះឯង ។ ដូច្នេះ ឃើញថា ទីស្ថានបុរាណទាំងឡាយនៅជិតៗ គ្នាត្រង់អង្គរបូរី ប្រាកដជាទីស្ថានបុរីចាស់ របស់ខ្មែរយើងសម័យកសាងសញ្ជាតិ កសាងប្រទេស ដែលពុំទាន់រីកធំទូលំទូលាយនៅឡើយ ។

ហេតុនេះ រឿងព្រេងភ្នំបូរី គ្រាន់តែជាឯកសារមួយ បន្ថែមលើឯកសារសំខាន់ទាំងឡាយ សម្រាប់ជួយបញ្ជាក់តាមបែបរឿងព្រេងប៉ុណ្ណោះ ។
Name

ប្រជុំរឿងព្រេងខ្មែរ ប្រជុំរឿងព្រេងខ្មែរ ភាគទី០១ ប្រជុំរឿងព្រេងខ្មែរ ភាគទី០២ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៣ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៤ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៥ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៦ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៧ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៨ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៩
false
ltr
item
ប្រជុំរឿងព្រេងខ្មែរ: រឿង ប្រាសាទភ្នំបូរី-ភ្នំដា
រឿង ប្រាសាទភ្នំបូរី-ភ្នំដា
ប្រជុំរឿងព្រេងខ្មែរ
https://legend.morningcambodia.com/2020/07/blog-post_369.html
https://legend.morningcambodia.com/
https://legend.morningcambodia.com/
https://legend.morningcambodia.com/2020/07/blog-post_369.html
true
642163426489027068
UTF-8
មិនមានអត្ថបទនោទេ មិនមានអត្ថបទទាក់ទងទេ VIEW ALL Readmore Reply Cancel reply Delete By ទំព័រដើម PAGES រឿងនិទាន View All RECOMMENDED FOR YOU Tag ARCHIVE អត្ថបទទាំអស់ សូមទោសមិនមានអត្ថបទដែលអ្នកកំពុងស្វែងរកនោះទេ។ ត្រលប់ទៅទំព័រដើម Contents រឿងទាក់ទង Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy