រឿង ដើមចេកជ្វា និងដើមបាយម៉ាត

ចាស់បុរាណខ្មែរយើង ច្រើនជឿហើយហាមប្រាមកូនចៅ មិនឲ្យដាំដើមចេកជ្វានៅជិតសំយាបផ្ទះ ព្រោះគេយល់ថា វាដាក់ម្ចាស់ផ្ទះ ។ បានជាមានជំនឿយ៉ាងនេះ ដោយមានរឿងដំណាលដូចតទៅ ៖
ជាយូរអង្វែងណាស់មកហើយ មានគ្រួសារមួយ ជាអ្នកទីទ័លក្រ ប្រកបរបររកស៊ីជាកសិករ ។ ក្នុងពេលមួយដែលជារដូវរាំងឫស ឥតមានភ្លៀងធ្វើស្រែ បុរសប្ដីក៏លាប្រពន្ធ ទៅរកស៊ីឈ្នួលគេ
នៅស្រុកឆ្ងាយ ។ ក្រោយដែលបុរសនេះចេញផុតទៅ ស្រុកកើតជំងឺអហិវាតរោគ រាតត្បាត ពាសពេញបណ្ដាលឲ្យអ្នកភូមិទាំងមូល ភ័យជ្រួលច្របល់យ៉ាងសម្បើម ។ មុនដំបូង, ជំងឺនោះបណ្ដាលឡើងអំពីសត្វតូចតាច លុះយូរបន្តិចទៅ ក៏រាលដាលរហូតដល់សត្វធំៗ រហូតដល់ជីវិតមនុស្សក្នុងភូមិផង គ្មាននរណាអាចជួយនរណាបានឡើយ ។ ផ្ទះនីមួយ ៗ ស្ងាត់ឈឹង ពេលយប់គេឮតែសំឡេងឆ្កែលូ និងពន្លឺភ្លើងប្រទីបផ្លុង ៗ ត្រង់នេះមួយ ត្រង់នោះមួយ គួរឲ្យព្រឺក្បាលពន់ពេក ។
នៅភូមិខ្លះ ដែលរោគនេះមិនទាន់រាលដាលទៅដល់ អ្នកនិគមជនបទទាំងនោះ ក៏ពុំហ៊ានដើរស្វែងរក ប្រកបកិច្ចការរហេតរហូត ដូចប្រក្រតីឡើយ ។ មនុស្សទាំងនោះ មានកិរិយាស្ងប់ស្ងៀម
មានទឹកមុខក្រៀមក្រំ ស្រពាប់ស្រពោនជានិច្ច និយាយរកគ្នាទៅវិញទៅមកដោយខ្សឹបខ្សៀវ មិនហ៊ាននិយាយគ្នាកោកកាក ឬ នឹកឈ្មោះទីកន្លែង ដែលកើតជំងឺចង្រៃទាំងនោះផងទេ ។
មានថ្ងៃមួយ នៅពេលដែលជំងឺកំពុងតែបង្កើនឥទ្ធិពលយ៉ាងខ្លាំង ស្រាប់តែមានទាយកម្នាក់មកនិមន្តព្រះសង្ឃ ៤ អង្គទៅចម្រើនព្រះបរិត្តនៅផ្ទះរបស់ខ្លួន ។ លុះដល់កំណត់ ទាយកនោះក៏មកទទួល
ព្រះថេរៈចៅអាវាស ព្រមទាំងភិក្ខុ ៣ រូបទៀត និមន្តទៅដល់ផ្ទះឧបាសកនោះ ឃើញមានភ្ញៀវយ៉ាងច្រើន ។ គេក៏និមន្តព្រះសង្ឃទាំង ៤ អង្គឡើងលើផ្ទះ គង់លើអាសនៈ យ៉ាងសមគួរ ហើយប្រគេនភេសជ្ជៈ តែស្ករបារី តាមទំនៀម ។ បន្ទាប់មក គេនាំគ្នានមស្ការព្រះរតនត្រ័យ រួចអារាធនាព្រះសង្ឃចម្រើនព្រះបរិត្ត, ប៉ុន្តែគេទូលលោកថា ៖ “ សូមលោកម្ចាស់ កុំសូត្រ “ ធម៌ករណីយ៍ ” សូមនិមន្តសូត្ររំលងទៅ “ វិរូបក្ខេ ” តែម្ដងទៅ ដើម្បីកុំឲ្យយូរពេល ។ ព្រះសង្ឃចាប់ផ្ដើមចម្រើនព្រះបរិត្ត តាំងអំពីដើមរៀងទៅ, លុះដល់ “ ធម៌ករណីយ៍ ” លោកក៏រំលងចោល ទៅសូត្រ “ វិរូបក្ខេ ” តាមពាក្យទាយកបវារណាសុំតែម្ដង ។ ក្នុងពេលនោះ, លោកសង្កេតឃើញទាយកទាយិកា សប្បាយរីករាយសើចញញឹមញញែមក្របួចមាត់ក្របួចក គ្រប់ ៗ គ្នា ។ ព្រះថេរៈដើមអាសនៈនឹកឆ្ងល់ថា ៖ គេសុំកុំឲ្យសូត្រ “ ធម៌ករណីយ៍ ” សុំឲ្យផ្លោះទៅសូត្រ “ វិរូបក្ខេ ” តែម្ដង, ឥឡូវសូត្រវិរូបក្ខេទៅ ស្រាប់តែនាំគ្នាសប្បាយបែបដូចជាប្លែក ។ ព្រះថេរៈនឹកអៀនក្នុងព្រះទ័យណាស់ ខ្លាចក្រែងគេរិះគន់ ថាលោកសូត្រខុស ទើបត្រឡប់មកចាប់សូត្រធម៌ករណីយ៍ វិញ ។ លោកទើបតែនឹងចាប់សូត្របាន ៣-៤ ព្រះឱស្ឋ, ស្រាប់តែទាយកទាយិកានាំគ្នាដកខ្លួនថយបន្តិចម្ដង ៗ រហូតដល់អស់រលីង ស្ងាត់សូន្យឈឹង ។ ភ្លើងក៏រលត់ភ្លឹប ផ្ទះដែលព្រះសង្ឃឡើងទៅនោះ ត្រឡប់ទៅជាគុម្ពឫស្សីយ៉ាងញាតស្បាត បារី-តែស្ករទៅជាដុំធ្យូង ដីខ្សាច់ និងកំណាត់ឈើអស់ ។ ទើបព្រះសង្ឃភ្ញាក់ ថាបិសាចក្លែងខ្លួនធ្វើមនុស្ស ។ ទម្រាំតែភិក្ខុផងគ្នានៅឯវត្តដឹងថា ៖ លោកគ្រូជាប់នៅចុងឫស្សី លោកគ្រូនិងព្រះសង្ឃ ៣ អង្គទៀតត្រូវអត់ចង្ហាន់ ២-៣ ថ្ងៃ ។ ដោយហេតុហ្នឹងហើយ ទើបចាស់បុរាណលោកថា ៖ “ ធម៌ករណីយ៍ ” នេះធ្វើឲ្យខ្មោចខ្លាចណាស់ ។ ឯធម៌វិរូបក្ខេ ធ្វើឲ្យខ្មោចសប្បាយទៅវិញ ។ កាលណាស្រុកមិនសូវស្រួល ដោយមានកើតជំងឺដង្កាត់ផ្សេង ៗ មានអាសន្នរោគ,អុតជាដើមនោះ គេតែងនិមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត ហើយសុំឲ្យលោកសូត្រធម៌ករណីយ៍នេះ ឲ្យបាន ៧-៨ ចប់ ហើយហាមផ្ដាច់មិនឲ្យព្រះសង្ឃ សូត្រធម៌វិរូបក្ខេឡើយ ដោយមានជំនឿតាមរឿងដូចបានរៀបរាប់មកខាងលើនេះ ។ ម្យ៉ាងទៀតបុរាណមានជំនឿថា ៖ បើយើងដើរទៅណាមកណាយប់ ហើយមានព្រឺរោម ព្រឺស្រែកត្រូវឲ្យសូត្រធម៌ករណីយ៍នេះដែរ ដោយសម្អាងថាខ្មោចមិនលង ។
និយាយពីបុរសដែលទៅរកស៊ីស្រុកឆ្ងាយនោះ ក្រោយដែលបានទៅរកស៊ីមានលុយកាក់ល្មមត្រឡប់មកលំនៅម្ដងហើយ ក៏វិលត្រឡប់មកស្រុកកំណើតវិញ ។ មកដល់កណ្ដាលផ្លូវគេប្រាប់ថា ៖
អ្នកឯងទៅមិនទាន់បានទេ, ព្រោះភូមិអ្នកឯងនោះ កើតជំងឺអាសន្នរោគច្រើនណាស់ មនុស្សអ្នកភូមិស្លាប់គ្មាននរណាកប់នរណាទេ ឯប្រពន្ធកូនរបស់អ្នកឯង ក៏ប្រហែលជាស្លាប់ទៅហើយ ឬ យ៉ាងណា ក៏មិនដឹង ព្រោះអ្នកភូមិដទៃ ឥតមាននរណាម្នាក់ហ៊ានចូលទៅទេ ។ បុរសនោះដោយសេចក្ដីនឹកប្រពន្ធ-កូនខ្លាំងពេក ក៏ចេះតែចចេសចូលទៅ គាត់ខំធ្វើដំណើរទៅទាំងយប់ ហើយទាំងសស្លើតសស្លក់ផង ។ លុះទៅជិតដល់លំនៅខ្លួន មើលទៅឃើញភ្លើងផ្លុង ៗ គ្រប់ៗផ្ទះ ដូចប្រក្រតី គាត់ត្រេកអរណាស់ ហើយនឹកខឹងនឹងអ្នកស្រុក ដែលប្រាប់ពីកណ្ដាលផ្លូវថា ៖ គេនិយាយកុហកខ្លួន ។ ប៉ុន្តែនៅតាមផ្លូវទៅផ្ទះគាត់ គាត់មានសេចក្ដីសង្ស័យដែរ ចំពោះសភាពស្ងប់ស្ងាត់ប្លែកពីធម្មតា តែគាត់សន្និដ្ឋានថា ប្រហែលជាអ្នកស្រុកមិនស្រួលមែនទើបស្ងាត់យ៉ាងនេះ ។ លុះទៅដល់ទ្វាររបងផ្ទះក៏ស្រែកហៅប្រពន្ធ, ពេលនោះគាត់ឃើញស្រីម្នាក់ ដែលគាត់បានស្គាល់ច្បាស់ ថាជាប្រពន្ធរបស់គាត់ រត់មកទទួលរាក់ទាក់ នឹងគាត់ដូចដូចធម្មតា គ្មានអ្វីគួរឲ្យសង្ស័យសោះ ។
នាងនោះខំប្រញិបប្រញាប់ ទៅបង្កាត់ភ្លើងដាំបាយឲ្យប្ដីបរិភោគ, ប៉ុន្តែនាងហាមប្ដីមិនឲ្យចូលទៅក្នុងបន្ទប់ដេកនាងទេ ឲ្យគាត់សម្រាកនៅខាងក្រៅសិនហើយ ។
ប្ដីនឹកឆ្ងល់នឹងឥរិយាបថដ៏ចម្លែករបស់ភរិយាណាស់ ដោយគាត់សង្កេតឃើញភ្នែកនាងធំៗ លៀនៗ បែបក្រហម ហើយក្រឡឹបក្រឡាប់ខុសពីធម្មតា ថែមទាំងធំក្លិនគំរង់សាកសព បក់ចេញពីបន្ទប់ដេក ម្ដងៗ ផង គាត់ក៏ចង់ដឹងថាមានអ្វីនៅក្នុងបន្ទប់ដេកនោះ បានជានាងឃាត់មិនឲ្យចូល ? គិតសព្វគ្រប់ទៅ ក៏ចេះតែអង្គុយសង្កេតកិរិយារបស់ប្រពន្ធ, បន្តិចមក ឃើញលៀនអណ្ដាតយ៉ាងវែងកេវយកវែកដែលរបូតពីដៃធ្លាក់ទៅដីមកវិញ ។ ប្ដីដែលចេះតែសម្លឹងអាកប្បកិរិយាប្រពន្ធ កាលបើឃើញដូច្នោះ ដឹងថាមិនមែនជាប្រពន្ធខ្លួនពិតប្រាកដទេ គឺច្បាស់ជាពួកបិសាចក្លែងភេទ ហើយទើបនឹកឃើញដល់រឿងដែលគេនិយាយប្រាប់ពីកណ្ដាលផ្លូវថា មានពួកបិសាចធ្វើបាបលោកសង្ឃ ដូចរៀបរាប់មកហើយ នោះភ្លាម, ក៏លបចូលទៅវែកមុងក្នុងបន្ទប់របស់ប្រពន្ធខ្លួនមើល ឃើញខ្មោចប្រពន្ធកូនខ្លួនស្លាប់ស្អុយរលួយដង្កូវរុកជ្រិច ។
គាត់ថយចេញមកវិញ ហើយគិតរកមធ្យោបាយដើម្បីដោះខ្លួនអំពីកណ្ដាប់ដៃមេបិសាចនេះ ទើបគាត់និយាយទៅកាន់នាងនោះថា “ ឯងដាំបាយឲ្យឆ្អិនឆាប់ទៅវ៉ី គ្នាអស់កម្លាំងណាស់
គ្នាទៅនោមនៅចុងរានក្រៅផ្ទះឯណោះមួយភ្លែត ។ ថាហើយគាត់ក៏ទៅ ចោះក្អមទឹកមួយដែលនៅក្បែរនោះ បង្ហូរទឹកទៅដី ឮដូចមនុស្សនោមមែន ។ ចោះរួចគាត់លបចុះ រត់បាតជើងសព្រាតតម្រង់ទៅរកអារាមមួយ ដែលមានលោកគ្រូមួយអង្គ ចេះមន្តអាគមគាថា ពូកែខាងការពារខ្មោចបិសាច និងអាបធ្មប់ ។
ចំណែកនាងបិសាច ឮសូរប្ដីនោមយូរពេក នឹកឆ្ងល់ ក៏តាមទៅមើល, មិនឃើញប្ដី ក៏មឹតរត់តាមក្រោយយ៉ាងលឿន ដល់ពាក់កណ្ដាលផ្លូវឃើញប្ដី ។ ចំណែកឯប្ដី រត់មិនទាន់បានប៉ុន្មាន
ងាកក្រោយឃើញខ្មោចដេញតាម ដឹងខ្លួនថាមើលទៅស្ទុះមិនរួចអំពីកណ្ដាប់ដៃបិសាច ក៏រត់ឡើងដើមបាយម៉ាត ១ ដើមដែលនៅក្បែរនោះ ។ នាងបិសាចមិនហ៊ានទៅជិតដើមនោះសោះ ចេះតែដើរក្រឡឹង ៗ ក្បែរ ៗ ហើយស្រែកហៅប្ដីឲ្យចុះមក ។
បុរសនោះដឹងថានាងបិសាចនេះ ពិតជាខ្លាចដើមបាយម៉ាតនេះហើយ បានជាមិនហ៊ានមកជិតអញសោះ ក៏កាច់មែកបាយម៉ាត ១ មែក លីដើរសំដៅទៅវត្តទៅ
ឯនាងបិសាចពិតមែនតែមិនហ៊ានទៅជិតបុរសជាប្ដី ដោយខ្លាចដើមបាយម៉ាតមែន តែនាងនៅតែដើរតាមក្រោយរហូត ។ បុរសទៅដល់វត្តស្ទុះចូលទៅកណ្ដាលជំនុំព្រះសង្ឃ ដែលកំពុងធ្វើឧបោសថកម្មនៅក្នុងព្រះវិហារ ហើយពិតពុទ្ធដីកាព្រះសង្ឃតាមដំណើរ ។ ពេលនោះលោកគ្រូដែលពូកែខាងមន្តអាគមគាថា ក៏នាំបុរសទៅនៅក្នុងកុដិរបស់លោក ហើយសូត្រអាគមគាថា ព័ទ្ធសីមាយ៉ាងស្វាហាប់ ។ ឯនាងបិសាចក៏មិនទៅណាឆ្ងាយ អំពីកុដិព្រះសង្ឃនោះទេ ។ ពិតមែន តែនាងចូលទៅក្នុងកុដិលោក តាមប្ដីរបស់នាងមិនបាន ដោយរបាំងនៃមន្តអាគមគាថា, ប៉ុន្តែ នាងចេះតែក្រវែលរកមធ្យោបាយគ្រប់បែបយ៉ាងដើម្បីចូលទៅតាមប្ដី ។
ទៅក្បែរកុដិព្រះថេរៈអង្គនោះ មានដើមចេកជ្វា ១ ដើម ដែលមានធាងដុះចូលទៅត្រង់បង្អួចកុដិ ។ ទោះបីមន្តអាគមរបស់លោកដ៏ពូកែយ៉ាងណា ក៏មិនអាចទប់ឈ្នះនឹងដើមចេកជ្វានោះដែរ ។
លោកព័ទ្ធសីមាបានតែត្រង់កន្លែងណា ដែលធាងចេកជ្វា មិនទៅប៉ះនឹងសំយាបកុដិប៉ុណ្ណោះ ចំពោះ ១ ភាគតូចនៃកុដិរបស់លោក ដែលធាងចេកជ្វាទៅប៉ះនោះ នៅចន្លោះជាឱកាសដ៏ប្រសើរដល់នាងបិសាច, នាងបិសាចក៏ឡើងតាមដើមចេកជ្វា ហើយសួតាមធាងចេកនោះ ឆ្លងចូលទៅក្នុងកុដិរបស់លោក កាច់កប្ដីរបស់ខ្លួនសម្លាប់ក្នុងពេលនោះទៅ ។
ព្រោះហេតុមានរឿងនិទានមកនេះហើយ ទើបបុរាណខ្មែរយើងនិយមជំនឿនេះ ហាមប្រាមកូនចៅ មិនឲ្យដាំដើមចេកជ្វានៅជាប់នឹងសំយាបផ្ទះ គេថាវាដាក់ខ្លួន ។
ឯដើមបាយម៉ាតក៏បានជាឱសថសម្រាប់ការពារមួយមុខយ៉ាងពូកែ ចំពោះខ្មោចព្រាយបិសាចនិងអាបធ្មប់ ជាប់រហូតមកដល់សព្វថ្ងៃនេះ ។
Name

ប្រជុំរឿងព្រេងខ្មែរ ប្រជុំរឿងព្រេងខ្មែរ ភាគទី០១ ប្រជុំរឿងព្រេងខ្មែរ ភាគទី០២ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៣ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៤ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៥ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៦ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៧ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៨ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៩
false
ltr
item
ប្រជុំរឿងព្រេងខ្មែរ: រឿង ដើមចេកជ្វា និងដើមបាយម៉ាត
រឿង ដើមចេកជ្វា និងដើមបាយម៉ាត
ប្រជុំរឿងព្រេងខ្មែរ
https://legend.morningcambodia.com/2020/07/blog-post_82.html
https://legend.morningcambodia.com/
https://legend.morningcambodia.com/
https://legend.morningcambodia.com/2020/07/blog-post_82.html
true
642163426489027068
UTF-8
មិនមានអត្ថបទនោទេ មិនមានអត្ថបទទាក់ទងទេ VIEW ALL Readmore Reply Cancel reply Delete By ទំព័រដើម PAGES រឿងនិទាន View All RECOMMENDED FOR YOU Tag ARCHIVE អត្ថបទទាំអស់ សូមទោសមិនមានអត្ថបទដែលអ្នកកំពុងស្វែងរកនោះទេ។ ត្រលប់ទៅទំព័រដើម Contents រឿងទាក់ទង Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy