កាលណាគេឃើញសត្វប្រឡាំងកាស គេតែងនឹកឆ្ងល់ចំពោះភាពប្លែករបស់សត្វនេះ គឺតែឃើញញី ក៏នឹងឃើញឈ្មោល រស់នៅជាប់លើខ្នងញីនោះជាដរាប ។ ដូចនេះ ទើបមានគេចំអន់គ្នាលេងចំពោះមនុស្សប្រុស ដែលខ្ជិលរកស៊ី រស់តែដោយសារស្រីថា “កុំធ្វើដូចសត្វប្រឡាំងកាស”។
ចំពោះការរស់នៅដ៏ចម្លែករបស់សត្វនេះ មានរឿងព្រេងបរម្បរានិទានដូចតទៅនេះ៖
កាលនោះ មានក្សត្រមួយអង្គ ទ្រង់មានអគ្គជាយាប្រកបដោយរូបឆោមលោមពណ៌ល្អស្រស់ តែព្រះអង្គពុំមានព្រះរាជបុត្រសោះ ។ ថ្ងៃមួយ ព្រះអង្គទ្រង់ហៅហោរឲ្យចូលមកគន់គូរ ដើម្បីរៀបពិធីយ៉ាងណាឲ្យបានព្រះរាជបុត្រមួយ ។ ហោរាចូលថ្វាយទំនាយ សុំព្រះអង្គរៀបធ្វើពលិការបួងសួងចំពោះទេពតា ដើម្បីសុំបុត្រ ដោយមានរៀបចំគ្រឿង សក្ការបូជាឧឡារិកផង ។
ដោយសារឫទ្ធានុភាពនៃការបួងសួងនេះ ព្រះអង្គក៏បានរាជបុត្រាមួយ ។ ព្រះរាជឱរសនោះ ប្រកបដោយរូបឆោមស្អាតបាតល្អណាស់ គួរជាទីសព្វព្រះរាជហឫទ័យ នៃព្រះវររាជបិតា-មាតាយ៉ាងក្រៃលែង ។ លុះព្រះអង្គបានព្រះជន្មាយុ ៧ ឆ្នាំ មានពេលមួយនោះ ព្រះវររាជមាតាទ្រង់ភ្នកព្រះរាជហឫទ័យ ចង់នាំព្រះរាជបុត្រាចេញទៅក្រសាលក្នុងឧទ្យាន ។ ព្រះនាងក៏ថ្វាយបង្គំលាព្រះស្វាមី នាំព្រះរាជបុត្រាចេញទៅដោយមានព្រះរាជបរិពារហែហមផង ។
ជាគ្រោះអាក្រក់ ពេលនោះមានសត្វគ្រុឌមួយ ហិចហើរដើរសង្វែង រកអាហារសព្វទិសទី ស្រាប់តែមកប្រទះឃើញ ឧទ្យានដែលមានមនុស្សអ៊ូអរនោះ សត្វគ្រុឌចង្រៃក៏ចុះមកឆាបឆក់ពាំយកព្រះរាជកុមារ ពីកណ្ដាលចំណោមមនុស្សនោះទៅ ។ ព្រះវររាជមាតា ទ្រង់រន្ធត់ស្លុតព្រះទ័យយ៉ាងខ្លាំង ដោយនឹកស្ដាយព្រះរាជបុត្រាបណ្ដូលហឫទ័យ ។ ព្រះនាងនាំបរិពារតាមមើលសត្វចង្រៃ ដែលពាំយកព្រះរាជបុត្រទៅនោះ ឃើញថាវាហើរឆ្លងសមុទ្រទៅយ៉ាងឆ្ងាយដាច់កន្ទុយភ្នែក។ លុះអស់សេចក្ដីសង្ឃឹមហើយ ព្រះនាងទ្រង់យាងត្រឡប់ នាំទាំងព័ត៌មានយ៉ាងក្រៀមក្រំនេះ ទៅថ្វាយព្រះស្វាមីវិញ ។ ព្រះអង្គទ្រង់វិតក្កក្រៃលែងណាស់ ក៏ចាត់ចែងឲ្យរកហោរាមកគន់គូរ អំពីជោគវាសនានៃព្រះរាជបុត្រា ។ ហោរបានថ្វាយទំនាយថា៖ ព្រះរាជកុមារ មិនទាន់អស់ព្រះជន្មទេ សត្វនេះវានឹងត្រូវអាក់ដំណើរនៅពាក់កណ្ដាលផ្លូវ ជាមិនខាន ។
ក្រោយដែលបានជ្រាបព័ត៌មាននេះហើយ ព្រះរាជាទ្រង់ឲ្យធ្វើភេរីចរណ៍ប៉ាវគងប៉ាវឃ្មោះរកអ្នកខ្លាំងពូកែ មានឫទ្ធិអាចឆ្លងសមុទ្រទៅតាមយកព្រះរាជកុមារឲ្យបានអំពីគ្រុឌមកវិញ ។ គ្រានោះ គ្មានមនុស្សណាម្នាក់ហ៊ានធានាខ្លួន ជួយយកអាសាព្រះអង្គសោះ នាំឲ្យពួកភេរីចរណ៍ ចេះតែដើរទៅ ៗ រហូតដល់មាត់សមុទ្រ ពេលនោះស្រាប់តែ នាងណាំក្រឹះដែលរស់នៅត្រង់ឆ្នេរសមុទ្រនោះ ក៏មកប្រាកដខ្លួនចំពោះព្រះរាជបម្រើ ហើយសុំធានាខ្លួនទៅតាមយកព្រះរាជកុមារឲ្យទាល់តែបាន ។
ក្រុមរាជបម្រើ ក៏នាំដំណឹងនេះ ទៅថ្វាយព្រះរាជា ព្រះអង្គទ្រង់ថ្លែងអំណរពន់ប្រមាណចំពោះនាងណាំក្រឹះ ដែលមានសេចក្ដីក្លាហានអង់អាច ហើយព្រះអង្គទ្រង់សន្យាថា នឹងប្រោសព្រះរាជតានទ្រព្យដ៏មានតម្លៃជារង្វាន់ចំពោះសេចក្ដីក្លាហានរបស់នាង នៅពេលណានាងយកបានព្រះរាជបុត្រាមកវិញ ។
នាងណាំក្រឹះ ក៏ថ្វាយបង្គំលាព្រះរាជាចេញទៅ ។
ថ្លែងពីសត្វគ្រុឌដែលពាំយកព្រះរាជកុមារនោះទៅ លុះឆ្លងផុតសមុទ្រមួយទៅ បានដល់កោះមួយ ក៏ប្រទះនឹងខ្យល់ព្យុះបោកបក់យ៉ាងខ្លាំង វីវក់ធ្វើឲ្យសត្វនោះរបូតជ្រុះព្រះរាជកុមារពីមាត់ធ្លាក់ទៅលើធ្នារខ្សាច់នោះទៅតែព្រះរាជកុមារនៅគង់ព្រះជន្មានៅឡើយ គ្រាន់តែសន្លប់បាត់ស្មារតី ។ ក្រោយដែលបានត្រូវទឹកសន្សើមអស់មួយយប់ ព្រះអង្គក៏មានព្រះស្មារតីឡើងវិញ ។ គ្រុឌមិនអស់ចិត្តទេនឹងជ្រុះអាហារពីមាត់ ចេះតែខំហើរឆ្វែលរកត្រង់កន្លែងដែលជ្រុះធ្លាក់នោះ ប៉ុន្តែជាភ័ព្វល្អ វារកមិនឃើញសោះ ។
ចំណែកនាងណាំក្រឹះ ក្រោយដែលបានស្ដាប់ដំណឹង ពីពពួកអ្នកដែលបានឃើញ ចង្អុលបង្ហាញផ្លូវទៅទិសដែលគ្រុឌឆក់កុមារនោះហើយនាងក៏មិនបង្អង់ឡើយ ។ នាងត្រេចទៅដល់កោះនោះ ស្រាប់តែក្រឡេកទៅឃើញព្រះរាជកុមារនៅតែឯងកណ្ដាលធ្នារខ្សាច់ ។ នាងណាំក្រឹះប្រញាប់ប្រញាល់ចូលទៅនិយាយទូលតាមដំណើរឲ្យព្រះកុមារស្គាល់ខ្លួននាងរួចក៏នាំព្រះរាជកុមារឲ្យតោងក ហែលឆ្លងសមុទ្រមកត្រលប់នគរវិញ ។ លុះមកដល់ពាក់កណ្ដាលសមុទ្រ ដោយរលកទឹកវាយខ្លាំង កន្ទុយក្បិនក៏របូតនាងងាកស្រវាចាប់ទាញក្បិន ព្រះរាជកុមារក៏ឈ្លក់ទឹកដល់ក្ស័យព្រះជន្មទៅ ។ នាងណាំក្រឹះភ័យជាខ្លាំងណាស់ ណាខ្លាចព្រះរាជាយកទោស ណាស្ដាយព្រះរាជកុមារផង នាងក៏អត់ដង្ហើមស្លាប់ក្នុងពេលជាមួយគ្នានោះ ទាំងព្រះរាជកុមារតោងកជាប់ទៅផង ។ អ្នកទាំងពីរ ក៏បានក្លាយខ្លួនទៅជាសត្វប្រឡាំងកាសរហូតមក បានជាសត្វនេះ ឈ្មោលមានខ្លួនតូច រស់នៅតែលើខ្នងញី ពឹងប្រស្រ័យចិញ្ចឹមជីវិតតែដោយសារញីមកទាល់សព្វថ្ងៃ ។ គេច្រើននិយាយថា សត្វប្រឡាំងកាសឈ្មោល តែធ្លាក់ពីលើខ្នងញី វានឹងស្លាប់ ។