រឿង ជ្រូកបានជាឈ្មោះឆ្នាំកុរ

រឿងនេះ ដើមឡើយ មានសេចក្ដីនិទាន ៖
មានសេចក្ដីកុដុម្ពីម្នាក់ មានសម្បត្តិទ្រព្យស្ដុកស្ដម្ភ ហើយមានកូនមួយ តែអកុសល កូននោះកើតមក មានខ្លួនប្រាណជាសត្វជ្រូក ។ឪពុកម្ដាយអន់ចិត្តពន់ពេក ព្រោះកូនមានភាពជាសត្វ កូន​នោះ​ឆាប់​
ចេះ​ដើរ ចេះនិយាយភាសាមនុស្ស ឧស្សាហ៍ព្យាយាម មិនមានខ្ជិល ហើយមានប្រាជ្ញាឈ្លាសវៃ។ លុះខ្លួនកាន់តែធំ ចេះជួយរក្សាការពារទ្រព្យសម្បត្តិឪពុកម្ដាយ ប្រើការផ្សេងៗ ធ្វើ​បាន​ការ​សព្វ​គ្រប់។
ចំណែក​វត្ថុ​ស្ងាត់កំបាំង ដែលមាននៅក្នុងខ្លួនជ្រូកនេះ ឪពុកម្ដាយពុំបានដឹងសោះ ។ តាមពិតជ្រូកមានធ្នូព្រះខ័ន ជារបស់ទិព្វនៅក្នុងខ្លួន, លុះជ្រូកនេះមានវ័យកាន់តែចម្រើនធំឡើង ៗ​ឪពុក​ម្ដាយ​កាន់​
តែ​ពេញ​ចិត្ត អំពីចរិយា ដឹងខុស-ត្រូវ ទាស់តែរូបជាជ្រូកប៉ុណ្ណោះ ។ស្រាប់តែវេលាថ្ងៃមួយ ជ្រូកនោះនិយាយទៅកាន់មាតាបិតាថា ៖ សូមឲ្យគិតគូររកប្រពន្ធឲ្យខ្លួន ។ឪពុកម្ដាយឮហើយ ទ័លគំនិត
សម្ងំ​​ដក​​ដង្ហើម​ធំ​គ្រប់គ្នាហើយឆ្លើយថា ៖
កូនអើយ ! ឲ្យម្ដាយឪពុក ទៅនិយាយស្ដីកូនអ្នកឯណា គេព្រមឲ្យ គេព្រមយក បើកូនឯងមានភាពជាសត្វដូច្នេះ។ សព្វថ្ងៃឪពុកម្ដាយ មាន​តែ​កូន​ឯង​មួយ ជាទីអាណិតស្រឡាញ់ស្មើជីវិត ឯ​សម្បត្តិ​
ឥត​ទាល់​ក្រ​ទេ យើងមានឥតខ្វះ តែត្រង់រឿងដែលកូនឲ្យឪពុកម្ដាយទៅរកស្ដីដណ្ដឹងកូនគេនេះ ឪពុកម្ដាយទាល់ហើយត្រង់រឿងហ្នឹង មិន​ហ៊ាន​ទៅ​និយាយ​ស្ដី​កូន​គេ​ទេ។ បើគេនិយាយថាម៉េចឲ្យមកវិញ
ឯងគ្មានផ្លូវដោះការនេះឪពុកម្ដាយខ្មាសគេណាស់ ។ បើកូនយកជ្រូកដូចគ្នានោះ មិនពិបាកទេ ។
- ជ្រូកឆ្លើយថា ៖ ប្រពន្ធស្រីជ្រូក ខ្ញុំមិនយកទេ យកតែប្រពន្ធស្រីមនុស្ស ! បើរកមិនបានទេ ខ្ញុំសុំដើររកប្រពន្ធខ្លួនឯងហើយ !
មិនយូរប៉ុន្មាន ស្រាប់តែជ្រូកនោះ ឥតប្រាប់អ្វីទៀតទេ ក៏ដើរទៅបាត់ពីផ្ទះ ។ កុដុម្ពីប្ដីប្រពន្ធស្វែងរកសព្វទិសទីមិនឃើញសោះ ក៏កើតការក្រៀមក្រំអាណិតកូន។ ចំណែកជ្រូកនោះវិញ មុន​នឹង​ធ្វើ​
ដំណើរ​ចេញ​ទៅ ក៏ឈរសម្លឹងឧទ្ទិសក្នុងចិត្តថា ៖
បើគូភរិយាពីបុព្វេមាននៅទិសណា សូមទេវតាជួយនាំចិត្តឲ្យខ្ញុំដើរទៅត្រង់ទិសទីនោះ ។ ហើយក៏ដើរចេញទៅ ដំណើរចូលព្រៃជាដរាបអស់ជាច្រើនថ្ងៃ ទើប​បាន​ជួប​យាយ​ម្នាក់​ដើរជីកដំឡូង តែ​ម្នាក់​
ឯង​ក្នុង​ព្រៃ​ស្ងាត់ ជ្រូកឃើញក៏ដើរចូលទៅជិតសួរថា ៖
- លោកយាយដើររកអ្វី ? បានឬទេ ?
យាយឮពាក្យជ្រូកចេះស្រដី កើតចិត្តរីករាយអាណិតស្រលាញ់ហើយគាត់ឆ្លើយថា ៖
- យាយរកជីកដំឡូង តែឥឡូវគ្មានបានទេ !
ជ្រូកសួរទៀតថា ៖
- យាយនៅដល់ណា តើលោកតាគាត់នៅទេ ហើយយាយមានកូនប៉ុន្មាននាក់ ?
យាយឆ្លើយប្រាប់ជ្រូកថា ៖
- ចៅអើយ ផ្ទះយាយនៅឯនោះ តានោះគាត់ស្លាប់យូរមកហើយ យាយនៅមេម៉ាយ ជាមួយកូនស្រីពីរនាក់ គ្មានកូនប្រុសទេ ឥឡូវកូនស្រីនេះពេញក្រមុំអស់ហើយ ។
ជ្រូកឮយាយប្រាប់ថា មានកូនក្រមុំពីរនាក់ នៅទំនេរដូច្នេះ ជ្រូកក៏និយាយដំណើរខ្លួនឲ្យយាយស្ដាប់សព្វគ្រប់ ហើយសុំទៅនៅជាមួយយាយផង។ យាយនឹកក្នុងចិត្តថា ជ្រូក​នេះ​ចេះ​និយាយ​ដឹង​ខុស​ត្រូវ​
សព្វ ចេះភាសាមនុស្សពីរោះល្អស្ដាប់ណាស់ ហើយថាឪពុក-ម្ដាយវាជាសេដ្ឋីផង បើជ្រូកវាស្រឡាញ់កូនអញ ហើយបើកូនអញព្រម អញគួរតែផ្សំផ្គុំវាហើយ ។ ទើបគាត់ប្រាប់ជ្រូកវិញថា ៖
- ចៅឯងជួយរកដំឡូងបន្តិចទៅ ។
ជ្រូកចូលព្រៃភ្លាម ស្វែងរកដំឡូង ។ មិនយូរប៉ុន្មានជ្រូកឈ្មុសដី បានមើមដំឡូងគរជាច្រើនគំនរ យាយចេះតែតាមរើសដាក់កញ្ជើ មានទាំងដំឡូងខ្មុង អាខ្យាត អខ្យា ដៃខ្លា ដំឡូងទឹក ដំឡូងទៀន
គ្រប់មុខ យាយពេញចិត្តនឹងចៅជ្រូកឥតឧបមា ព្រោះឆ្លាតប៉ិនប្រសប់រកដំឡូងពេញកញ្ជើទាំងពីរ ។ ជ្រូកបង្គាប់យាយឲ្យលើកកញ្ជើដំឡូងដាក់លើខ្នង ហើយដើរទៅតាមយាយ លុះត្រាទៅដល់ផ្ទះ ។
ឯកូនក្រមុំទាំងពីរនាក់ បានឃើញម្ដាយមកពីព្រៃ ក៏នាំគ្នាចេញទៅទទួល ។ យាយក៏បង្ហាញឲ្យជ្រូកស្គាល់កូនទាំងពីរ រួចលើកកញ្ជើដំឡូងដាក់ចុះពីលើខ្នងជ្រូក ឯកូនទៅជិតម្ដាយក៏ខ្សឹបសួរថា ៖
- ជ្រូកហ្នឹងមកពីណា ចេះនិយាយផង ? ។ ម្ដាយក៏បានសព្វគ្រប់ ។ លុះនៅបន្តិចទៅនោះ កូនស្រីយាយនេះ នឹងចៅជ្រូកក៏ដឹងចិត្តគ្នាស្និទ្ធស្នាលពេលទៅរកដំឡូងក៏ទៅជាមួយគ្នា ។ យាយ​ម្ដាយ​
ដឹង​ថា​កូន​គាត់​នឹងចៅជ្រូក ស្គាល់គ្នាជិតស្និទ្ធ ហើយក៏ផ្ដើមសួរចិត្តកូន។ សួរទៅនាងបងនាងប្រកែក លុះសួរទៅនាងប្អូន នាងឆ្លើយថា ៖
- ស្រេចតែម៉ែ ម៉ែឲ្យខ្ញុំទៅនរណា ខ្ញុំចេះតែតាម ។
យាយបានដឹងពាក្យនេះ ត្រេកអរណាស់ ហើយក៏ឲ្យដំណឹងទៅ ចៅជ្រូកដឹងពីរឿងនេះ ជ្រូកត្រេកអរពន់ពេក ហើយក៏រួបរួមផ្សំផ្គុំកូនពៅ ឲ្យទៅជាគូជាមួយចៅជ្រូក តាមប្រពៃណីស្រុកសព្វគ្រប់ ។
យាយក៏ចាត់ចែងឲ្យបានជាលំនៅឋានឲ្យកូននៅដោយខ្លួន ជាដរាបទៅ ។ បានប្រមាណជាកន្លះខែ នៅស្រុកនិគមនោះ មានលេចឮថា នឹងមានពួកភ្លេង របាំ គេនឹងមកលេងនៅជិតនោះ​អ្នក​ភូមិ​ជិត​
ខាង ទាំងចាស់ទាំងក្មេង ក៏ស្រើបស្រាលនាំគ្នាស្រស់ស្រូបបាយពេលព្រលប់ រួចនាំគ្នាទៅមើលជាច្រើនឈូឆរ ។ នាងពៅប្រពន្ធចៅជ្រូក ក៏ចង់ទៅមើលនឹងគេដែរ ក៏បបួលចៅជ្រូកជាប្ដីឲ្យទៅផង តែ​
ជ្រូក​ថា “ឲ្យប្អូនឯងទៅមើលចុះ បងនៅចាំផ្ទះ ” ។ នាងបានអនុញ្ញាតពីស្វាមីហើយ ក៏ទៅជាមួយនឹងគេ ឯចៅជ្រូកនេះវិញ ដឹងថានាងភរិយាចេញទៅឆ្ងាយហើយ ក៏ទម្លាយស្រោមចេញទៅមើលដែរ
ហើយស្រូតរូតឲ្យលឿនទៅដល់ទីនោះមុននាងពៅ ។ ដល់ហើយក៏ចូលទៅលេងភ្លេងជាមួយគេ ចេះបទបែបភ្លេងយ៉ាងជំនាញ ដូចពួកភ្លេងនោះដែរ។ លុះអស់ពេលហើយ ដឹងថាពួកអ្នកស្រុក និង​
នាង​ពៅ​ត្រឡប់​ទៅផ្ទះ​វិញ ក៏ឈប់ភ្លាមហើយប្រញាប់ភៀសខ្លួនរូតដំណើរទៅឲ្យផ្ទះមុនប្រពន្ធ ហើយចូលទៅក្នុងស្រោមជ្រូកវិញដូចដើម ។
លុះនាងពៅធ្វើដំណើរទៅដល់ផ្ទះ ចៅជ្រូកចាប់សួរទៅភរិយាថា “ អូនទៅមើលរបាំគេនោះ ល្អមើលទេ គេលេងដូចម្ដេចខ្លះ ? ” ។ នាងពៅក៏រ៉ាយរ៉ាប់ប្រាប់សព្វគ្រប់ ហើយនាងប្រាប់ថា “ មាន​អ្នក​
លេង​ភ្លេង​ម្នាក់​រូបរាង​ស្អាតល្អណាស់ ច្រៀងក៏ពីរោះ ហើយចេះរាំចាក់ក្បាច់ក៏សម អ្នកមើលគេចាប់ចិត្តលើបុរសនោះគ្រប់គ្នា ” ។
- ជ្រូកសួរបញ្ជាក់ថា “ អ្នកនោះស្លៀកសំពត់ខៀវ ពាក់អាវក្រហមមែនឬទេ ? ” ។ ប្រពន្ធឆ្លើយថា “ ហ្នឹងហើយ ហេតុម៉េចបានជាបងដឹង ឬ ទៅមើលនឹងគេដែរឬ ? ”
ចៅជ្រូកនៅស្ងៀមមិនចេញស្ដី ។
តាមពិតចៅជ្រូកនឹងនាងពៅ ស្រឡាញ់គ្នាស្មោះស្ម័គ្រត្រឹមតែសម្ដីនឹងសម្ដីប៉ុណ្ណោះទេ ឯខ្លួនប្រាណពុំដែលបានប៉ះគ្នាឡើយ ។ លុះដល់ល្ងាចមួយទៀត​អ្នក​ស្រុក​ផ្អើល​អ៊ូអរ​ទៅ​មើល​ភ្លេង​របាំ​នោះ​ទៀត
នាង​ភរិយាចៅជ្រូក ក៏សុំប្ដីទៅមើលទៀត ចៅជ្រូកអនុញ្ញាតឥតថាអ្វីឡើយ រួចក្រោយមក ខ្លួនឯងក៏លួចចេញពីស្រោម ហើយទៅចូលរួមក្នុងវង់របាំនោះ ដូចកាលពីយប់មុនទៀត ។ កាល​ណា​ដល់​
ពេល​ឈប់​ភ្លាម ចៅជ្រូកម្នីម្នាចូលស្រោមខ្លួនវិញ ឲ្យទាន់មុនប្រពន្ធមកដល់ផ្ទះ ។ លុះប្រពន្ធមកដល់ក៏សួរប្រពន្ធទៀតថា ៖
- ម៉េច អូនមើលល្ងាចនេះ ល្អមើលទៀតទេ ?
នាងភរិយាតបថា ៖
- ថ្ងៃនេះល្អប្លែកពីថ្ងៃមុនទៅទៀត ។
ចៅជ្រូកសើចរួចតបបែបដូចព្រងើយទៅវិញថា ៖
- អ្នកដែលលេងល្អជាងគេនោះ គឺបុរសស្លៀកសំពត់ខៀវ ពាក់អាវស មែនទេ ?
នាងនោះឆ្ងល់ណាស់ ក៏សួរទៅប្ដីថា ៖
- ចុះម៉េច ក៏បងដឹង ខ្ញុំឆ្ងល់ណាស់ ?
ពេលល្ងាចថ្ងៃទី៣ នាងពៅសុំស្វាមីទៅមើលទៀត ស្វាមីក៏អនុញ្ញាតដូចពីយប់មុន។ ក្រោយដែលដឹងថាប្រពន្ធទៅផុតហើយ ចៅជ្រូកក៏ប្រញាប់ចេញពីស្រោម ប្រុងនឹងទៅលេងភ្លេងជាមួយគេទៀត។
ចំណែកនាងភរិយា នាងមិនទៅរហូតទេ ព្រោះនៅសង្ស័យចំពោះប្ដីនេះណាស់ នាងទៅបានតែបន្តិច ក៏វិលមកលបចាំឃ្លាំមើលប្ដី ស្រាប់តែឃើញប្ដីចេញពីស្រោម ហើយមានរូបឆោមល្អប្រិមប្រិយ គឺ​ជា​
រូប​បុរស​លេង​របាំដែលនាងសរសើរថាល្អនោះ ។ នាងស្ទុះប្រញាប់ទៅចាប់ឃាត់ប្ដីមិនឲ្យចូលទៅក្នុងស្រោមវិញ ។ ប្ដីក៏សុខចិត្តតាមពាក្យអង្វររបស់ភរិយា តែ​សុំ​ឲ្យ​នាង​នោះ​រក្សា​ទុក​ស្រោម​នោះ​ឲ្យ​បាន​
ស្រួល​បួល ។ នាងពៅយកស្រោមនោះ ទៅទុកដាក់នៅកន្លែងសមរម្យតាមបង្គាប់ប្ដី ហើយក៏នៅសុខសាន្តជាមួយគ្នារៀងរហូតមក ។
ពេលមួយនៅប្រទេសនោះឥតមានស្ដេច, ពួកសេនាសេវកាមាត្យ ក៏នាំគ្នាធ្វើពិធីផ្សងរកអ្នកដ៏មានបុណ្យ ដើម្បីឡើងគ្រងរាជ្យ ។ តែពេលនោះ រឿង​អស្ចារ្យ​របស់​ចៅ​ជ្រូក​ឮ​រន្ទឺ​សុស​សាយ​ទៅ​គ្រប់​ទិស​ទី
ពពួកសេវកាមាត្យក៏បានទៅអញ្ជើញបុរសអស្ចារ្យនេះ ឲ្យឡើងគ្រងរាជ្យ គ្រប់គ្រងប្រទេសតទៅ ។
លុះបានឡើងគ្រងរាជ្យហើយ ប្រមាណជាកន្លះខែ ព្រះចៅឡើងគ្រងរាជ្យថ្មីនេះ នាំមហេសីទៅរកផ្ទះកុដុម្ពិកជាឪពុក-ម្ដាយ ។ កុដុម្ពិករំភើបស្លុតក្នុងចិត្ត ហើយតាំងរៀបចំកន្លែងទទួលព្រះរាជា​ស្ដេច​សួរ​
អំពី​ដំណើរ​ដើម​មានកូនប្រុសស្រីប៉ុន្មាននាក់ ។
សេដ្ឋីក្រាបទូលថា ៖ “ ខ្ញុំព្រះអង្គ មានតែកូនប្រុសមួយនាក់ ហើយជាជ្រូកផង តែចេះនិយាយភាសាមនុស្សច្បាស់លាស់ណាស់ ។ ពេលមួយកូននោះទាររកដណ្ដឹងប្រពន្ធ លុះ​ខ្ញុំ​ព្រះ​អង្គ​ប្រាប់​ថា​រក​ពុំ​
បាន​ទេ កូននោះក៏ស្រាប់តែដើរបាត់រហូតមិនដឹងជាទៅណាមកណា យូរមកហើយ ” ។
ស្ដេចជ្រាបព័ត៌មាននេះហើយ ក៏ត្រាស់អំពីរឿងពិតឲ្យកុដុម្ពិកដឹងសព្វគ្រប់ ។ កុដុម្ពិកត្រេកអរណាស់ ក៏នាំគ្នាឱបព្រះរាជាសរសើរបុណ្យបារមី ។ ព្រះ​រាជាក៏ត្រាស់បញ្ជា​ឲ្យកុដុម្ពិក​ទាំង​ភរិយា​ស្វាមី​ទៅ​
រស់​នៅ​ឯរាជវាំង ។ ឯយាយចាស់ ជាម្ដាយនាងពៅវិញ ក៏ព្រះអង្គទ្រង់អនុញ្ញាតឲ្យមកនៅក្នុងរាជវាំងដែរ ។
ពិតមែនតែព្រះអង្គ មានរូបកាយជាមនុស្សពេញបរិបូណ៌ ប៉ុន្តែទ្រង់នៅតែនឹកសន្ដោសដល់សត្វជ្រូក ព្រោះតែពីពេលមុនធ្លាប់រស់នៅជាសត្វនេះ ក៏ព្រះអង្គត្រាស់បញ្ជាឲ្យក្រុមហោរាយកនាមសត្វជ្រូក
ទៅ​ដាក់​ឈ្មោះ​ឆ្នាំមួយជាឆ្នាំទី ១២ ឲ្យសម្គាល់ថា ឆ្នាំកុរនោះជានាមសត្វជ្រូក ។ នេះជារឿងព្រេងជ្រូកបានឡើងជាឈ្មោះឆ្នាំ ។
Name

ប្រជុំរឿងព្រេងខ្មែរ ប្រជុំរឿងព្រេងខ្មែរ ភាគទី០១ ប្រជុំរឿងព្រេងខ្មែរ ភាគទី០២ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៣ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៤ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៥ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៦ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៧ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៨ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៩
false
ltr
item
ប្រជុំរឿងព្រេងខ្មែរ: រឿង ជ្រូកបានជាឈ្មោះឆ្នាំកុរ
រឿង ជ្រូកបានជាឈ្មោះឆ្នាំកុរ
ប្រជុំរឿងព្រេងខ្មែរ
https://legend.morningcambodia.com/2020/07/blog-post_59.html
https://legend.morningcambodia.com/
https://legend.morningcambodia.com/
https://legend.morningcambodia.com/2020/07/blog-post_59.html
true
642163426489027068
UTF-8
មិនមានអត្ថបទនោទេ មិនមានអត្ថបទទាក់ទងទេ VIEW ALL Readmore Reply Cancel reply Delete By ទំព័រដើម PAGES រឿងនិទាន View All RECOMMENDED FOR YOU Tag ARCHIVE អត្ថបទទាំអស់ សូមទោសមិនមានអត្ថបទដែលអ្នកកំពុងស្វែងរកនោះទេ។ ត្រលប់ទៅទំព័រដើម Contents រឿងទាក់ទង Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy