រឿង​ ភ្នំ​សន្ទុក​

(នៅ​ខេត្ត​កំពង់ធំ)
ចាស់​ៗ ដំណាល​តៗ គ្នា​មក​ថា : កាល​ពី​ព្រេង​នាយ​នៅ​ស្រុក​សន្ទុក ខេត្ត​កំពង់ធំ សព្វ​ថ្ងៃ​នេះ មាន​ស្ដេច​មួយ​អង្គ ទ្រង់​មាន​ព្រះ​អគ្គមហេសី ព្រះ​រាជបុត្រ ស្រី​ស្នំ​ក្រមការ សេនា​ទាហាន និង​នាហ្មឺន​សព្វ​មុខ​មន្ត្រី ជា​ច្រើន ស្ដេច​ទ្រង់​មាន​ព្រះ​រាជ​បញ្ជា​ឲ្យ​ឆ្ការ​ព្រៃ​មួយ​កន្លែង សង់​ប្រាសាទ ព្រះរាជ​វាំង និង​គុក ភូមិ​ប្រាសាទ រហូត​មក​ដល់​សព្វ​ថ្ងៃ ។
លុះ​សង់​បាន​ប្រាសាទ​នោះ​ហើយ ព្រះ​រាជា​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​ឆ្ការ​ព្រៃ​មួយ​កន្លែង​ទៀត ឆៀង​ខាង​ជើង​ខាង​លិច​ប្រាសាទ​នោះ ធ្វើ​ទី​សម្រាប់​ស្រី​ស្នំ មាន​កំពែង​ជុំ​វិញ ទីនោះ ជាប់​មាន​ឈ្មោះ​ថា ភូមិ​វាំង រហូត​មក​ដល់​សព្វ​ថ្ងៃ ។
លុះ​ធ្វើ​ព្រះ​រាជ​វាំង​ហើយ ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​កាប់​ឆ្ការ​ព្រៃ​មួយ​កន្លែង​ទៀត នៅ​ខាង​លិច​ប្រាសាទ សង់​ឃ្លាំង​សម្រាប់​ដាក់​ព្រះ​រាជ​ទ្រព្យ សឹង​មាន​គល់​សសរ​កប់​ក្នុង​ដី​ដល់​សព្វ​ថ្ងៃ​នេះ ជា​ភស្តុតាង​ស្រាប់ ទីនោះ ជាប់​មាន​ឈ្មោះ​ថា ភូមិ​សង់​ឃ្លាំង តែ​ក្រោយ​ពី​នោះ យូរ​មក​គេ​ហៅ​ថា ភូមិ​តាំង​ក្រសាំង វិញ ដែល​សព្វ​ថ្ងៃ​រាជការ​តាំង​សាលា​ស្រុក​សន្ទុក​នៅ​ទី​នោះ ។
តាម​រឿង​នោះ​មាន​ដំណាល​ថា : កាល​នោះ ព្រះ​រាជា​បាន​ត្រាស់​បង្គាប់​ឲ្យ​ធ្វើ​កន្លែង​មួយ​ទៀត នៅ​ខាង​លិច​ឆៀង​ខាង​ត្បូង ភូមិ​តាំង​ក្រសាំង សម្រាប់​ជា​លំនៅ​ពួក​អ្នកងារ ចាំ​បក់​ថ្វាយ​ស្ដេច ទីនោះ​ជាប់​មាន​ឈ្មោះ​ថា ភូមិ​ចាំ​បក់ ដល់​សព្វ​ថ្ងៃ​នេះ ។
នៅ​ខាង​លិច ឆៀង​ខាង​ត្បូង​ភូមិ​ចាំ​បក់​នោះ​មាន​បឹង​មួយ​ធំ ជាទី​ដែល​ព្រះ​រាជា​តែង​នាំ​ព្រះ​អគ្គ​មហេសី និង​ព្រះ​រាជ​បុត្រ ព្រះ​ស្នំ ព្រម​ទាំង​រេហ៍ពល ទៅ​ក្រសាល​សប្បាយ​ដោយ​ការ​ចាប់​ត្រី រើស​ខ្យង ដក​ព្រលិត បេះ​ត្រកួន ជា​ក្រយា​ស្ងោយ ។ ថ្ងៃ​មួយ​ព្រះ​រាជបុត្រី​ដែល​ទ្រង់​យាង​ទៅ​ក្រសាល​ទី​នោះ មិន​ស្រួល​ព្រះ​ទ័យ ទ្រង់​ព្រះ​កន្សែង​ពួក​ស្រី​ស្នំ​ក៏​ច្រៀង​បំពេ​បី​បម​ថ្នម​ថ្នាក់​បោស​អង្អែល ទី​នោះ​ជាប់​មាន​ឈ្មោះ​ថា បឹង​បំពេ និង បឹង​ខ្យង ដល់​មក​សព្វ​ថ្ងៃ​នេះ ។ នៅ​ខាង​ជើង​បឹង​បំពេ​នោះ មាន​ភ្នំ​មួយ ហៅ ភ្នំ​ធំ ស្រះ​ខ្ចៅ ភ្នំ​ពេន​ជុំ ។ ភ្នំ​ទាំង​នេះ​ជាប់​គ្នា ជា​ទី​ដែល​ព្រះ​រាជា​តែង​ទ្រង់​នាំ​ព្រះ​អគ្គមហេសី​ឡើង​ទៅ​ក្រសាល​បេះ​ផ្លែ​ឈើ មាន​ផ្លែ​ស្រគំ ភ្នំ​ភ្នែង ព្រីង ព្រូស ព្និល ព្នៅ បង្គៅ សិរ​មាន់ ជើង​ចាប និង​ផ្លែ​ឈើ​ឯ​ទៀត​ៗ​ជា​ច្រើន ដោយ​សេចក្ដី​សប្បាយ ។
ថ្ងៃ​មួយ ព្រះ​រាជា​ទ្រង់​នាំ​ព្រះ​រាជ​អគ្គមហេសី ព្រម​ទាំង​ព្រះ​រាជ​បុត្រ​ទៅ​ក្រសាល​លើ​ភ្នំ​នោះ ព្រះ​រាជ​បុត្រ​ទ្រង់​ប្រឈួន​ជា​ខ្លាំង ព្រះ​អង្គ​គង់​នៅ​លើ​ភ្នំ​នោះ​ពុំ​បាន ទ្រង់​ចាត់​ឲ្យ​ឆ្ការ​ព្រៃ​មួយ​អន្លើ ធ្វើ​ព្រះ​ពន្លា​នៅ​ជើង​ភ្នំ ហើយ​ក៏​នាំ​បណ្ដោះ​ព្រះ​អគ្គ​មហេសី ព្រះ​រាជ​បុត្រ និង​ស្រី​ស្នំ ព្រម​ទាំង​រេហ៍ពល​ចុះ​ពី​លើ​ភ្នំ​នោះ តាម​ផ្លូវ​ជ្រុង​ខាង​លិច មក​សំចត​ឈប់​​សម្រាក​នៅ​ក្នុង​ព្រៃ​មួយ ទីនោះ​ជាប់​មាន​ឈ្មោះ​ថា ភូមិ​បណ្ដោះ ត​មក តែ​សព្វ​ថ្ងៃ​ហៅ​ថា​ៗ មក​ថា ភូមិ​ក្រកោះ វិញ ។ បន្ទាប់​មក ព្រះ​រាជា​ទ្រង់​នាំ​ព្រះ​រាជ​បុត្រ មក​គង់​នៅ​ព្រះ​ពន្លា ដែល​ធ្វើ​នៅ​ជើង​ភ្នំ​នោះ បាន​ទ្រង់​រក​ពេទ្យ​ហ្ម មក​ព្យាបាល​ព្រះ​រោគ​ព្រះ​រាជ​បុត្រ មិន​មាន​ធ្វេស​ប្រហែស​សោះ ប៉ុន្តែ​ទោះ​បី​មាន​ឱសថ និង​ពេទ្យ​ហ្ម​យ៉ាង​ពូកែ​ព្យាបាល​យ៉ាង​ណា​ក៏​ព្រះ​រោគ​ព្រះរាជ​បុត្រ​នោះ នៅ​តែ​មិន​បាន​ស្រាក​ស្រាន្ត​ឡើយ រឹត​តែ​ប្រឈួន​ថែម​ខ្លាំង​ឡើង​ៗ ដរាប​ដល់​អស់​ព្រះជន្ម​នៅ​ទី​នោះ ។ ព្រះ​រាជា​និង​ព្រះ​រាជ​អគ្គ​មហេសី ទ្រង់​ព្រះ​កន្សែង ស្រី​ស្នំ​និង​ពួក​ពល​ទាំង​អស់ យំ​សោក​គ្រប់​គ្នា ។ ព្រះរាជា​ទ្រង់​ចាត់​ចែង​ធ្វើ​ឈាបនកិច្ច​ជា​ឱឡារិក​នៅ​ទី​នោះ ។ ទី​ជើង​ភ្នំ​ដែល​ព្រះ​រាជា​ធ្វើ​ព្រះ​ពន្លា​ថែ​រក្សា​ព្រះ​រោគ​ព្រះ​រាជបុត្រ លុះ​ដល់​អស់​ព្រះ​ជន្ម​ជា​អាសន្ន​នោះ ជាប់​មាន​ឈ្មោះ​ថា ភ្នំ​អាសន្ន​មាន​ទុក្ខ ត​មក​គេ​ហៅ​យារ​ៗ មក​ថា ភ្នំ​សន្ទុក និង ភូមិ​សន្ទុក វិញ មក​ដល់​សព្វ​ថ្ងៃ ។ ក្រោយ​ពេល​ដែល​ព្រះ​រាជា​​និង​ព្រះ​អគ្គ​មហេសី ទ្រង់​មាន​ទុក្ខ​ជា​ទម្ងន់ ទ្រង់​ចេញ​ព្រះ​រាជ​ដំណើរ​ចាក​ទី​នោះ ទៅ​ឈប់​សុំ​ចត​នៅ​មាត់​ស្ទឹង​សែន ដើម្បី​លំហើយ​ព្រះរាជ​ហឫទ័យ​រំដោះ​ទុក្ខ តែ​មិន​ដូច្នោះ បែរ​ជា​រឹត​តែ​កើត​ទុក្ខ​ផ្ទួន​ឡើង ។ គ្រា​នោះ សាមណេរ​មួយ​អង្គ បាន​និមន្ត​ទៅ​ជួប​នឹង​ព្រះ​រាជា​នៅ​ទី​នោះ ។ លោក​បាន​ឃើញ​ព្រះរាជា និង​ព្រះ​អគ្គមហេសី​សោយ​ទុក្ខ​ជា​ទម្ងន់​ដូច្នោះ បាន​ថ្វាយ​ព្រះ​ពរ​សួរ ព្រះ​រាជា​ក៏​ទ្រង់​ថ្លែង​សេចក្ដី​ទុក្ខ អំពី​ព្រះ​រាជ​បុត្រ​ដែល​រំលត់​ខន្ធ​ទៅ​នោះ ។ ទោះ​បី​សាមណេរ បាន​អធិប្បាយ​ពន្យល់​ធម៌​អាថ៌​ល្អិត​ល្អន់​យ៉ាង​ណា ក៏​ព្រះ​រាជា និង​អគ្គមហេសី នៅ​តែ​មិន​បាត់​សេចក្ដី​វិយោគ​សោក​ស្ដាយ​ឡើយ ។ សាមណេរ​ជ្រាប​រឿង​នោះ ក៏​ថ្វាយ​ព្រះ​ពរ​ថា " បើ​ព្រះ​អង្គ​ចង់​ឃើញ​ព្រះ​រូប​ព្រះ​រាជបុត្រ​របស់​ព្រះ​អង្គ សូម​ទ្រង់​ឲ្យ​ជាង​យក​ម្សៅ ឬ​ដី​មក​សូន ធ្វើ​ជា​ព្រះ​រូប​ព្រះ​រាជ​បុត្រ​ទុក គ្រាន់​ទត​លំហែ​ព្រះទ័យ​រំដោះ​ទុក្ខ " ។ ព្រះ​រាជា​បាន​ឮ​ព្រះ​ពុទ្ធដីកា លោក​សាមណេរ​នោះ​ហើយ ក៏​មាន​ព្រះរាជ​ហឫទ័យ​ត្រេក​អរ ទ្រង់​ចាត់​ឲ្យ​ជាង​ធ្វើ​សំណាក​ព្រះ​រូប​ព្រះ​រាជ​បុត្រ​ទុក​នៅ​ទី​ព្រៃ​មួយ លុះ​ធ្វើ​ព្រះ​រូប​ព្រះរាជ​បុត្រ​រួច​ហើយ ព្រះ​រាជា​ទ្រង់​ទត ទ្រង់​សព្វ​ព្រះរាជ​ហឫទ័យ ក៏​ទ្រង់​បាន​ស្រាកស្រាន្ត​ទុក្ខសោក​នោះ ដោយ​សារ​បាន​ទត​សំណាក​ព្រះ​រូប​ព្រះ​រាជ​បុត្រ​ជា​តំណាង ។ កន្លែង​ដែល​ធ្វើ​ព្រះ​រូប​ព្រះរាជ​បុត្រ​នោះ ជាប់​ឈ្មោះ​ថា ភូមិ​សំណាក មកដល់​សព្វ​ថ្ងៃ ។ ក្រោយ​មក​ព្រះ​រាជា​ទ្រង់​បាន​នាំ​ព្រះ​រាជ​អគ្គមហេសី នឹង​ព្រះ​ស្នំ ព្រម​ទាំង​ពួក​ពល ទៅ​ក្រសាល​នៅ​ទី​មួយ​ខាង​ជើង​ទី​តម្កល់​ព្រះ​រូប​សំណាក​នោះ ទ្រង់​បាន​ទត​ឃើញ​ឆ្អឹង​ក្បាល​ក្រពើ​ធំ​មួយ ដែល​ស្លាប់​យូរ​ហើយ​នៅ​ទី​នោះ ។ ទី​ដែល​ព្រះ​រាជា​ទ្រង់​ទត​ឃើញ​ក្បាល​ក្រពើ​នោះ​ជាប់​ឈ្មោះ​ថា ភូមិ​ត្បូង​ក្រពើ ដរាប​មក​ដល់​សព្វ​ថ្ងៃ ។
Name

ប្រជុំរឿងព្រេងខ្មែរ ប្រជុំរឿងព្រេងខ្មែរ ភាគទី០១ ប្រជុំរឿងព្រេងខ្មែរ ភាគទី០២ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៣ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៤ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៥ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៦ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៧ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៨ ប្រជុំរឿងព្រេងខ្មែរ ភាគទី០៩
false
ltr
item
ប្រជុំរឿងព្រេងខ្មែរ: រឿង​ ភ្នំ​សន្ទុក​
រឿង​ ភ្នំ​សន្ទុក​
ប្រជុំរឿងព្រេងខ្មែរ
https://legend.morningcambodia.com/2020/07/blog-post_548.html
https://legend.morningcambodia.com/
https://legend.morningcambodia.com/
https://legend.morningcambodia.com/2020/07/blog-post_548.html
true
642163426489027068
UTF-8
មិនមានអត្ថបទនោទេ មិនមានអត្ថបទទាក់ទងទេ VIEW ALL Readmore Reply Cancel reply Delete By ទំព័រដើម PAGES រឿងនិទាន View All RECOMMENDED FOR YOU Tag ARCHIVE អត្ថបទទាំអស់ សូមទោសមិនមានអត្ថបទដែលអ្នកកំពុងស្វែងរកនោះទេ។ ត្រលប់ទៅទំព័រដើម Contents រឿងទាក់ទង Sunday Monday Tuesday Wednesday Thursday Friday Saturday Sun Mon Tue Wed Thu Fri Sat January February March April May June July August September October November December Jan Feb Mar Apr May Jun Jul Aug Sep Oct Nov Dec just now 1 minute ago $$1$$ minutes ago 1 hour ago $$1$$ hours ago Yesterday $$1$$ days ago $$1$$ weeks ago more than 5 weeks ago Followers Follow THIS CONTENT IS PREMIUM Please share to unlock Copy All Code Select All Code All codes were copied to your clipboard Can not copy the codes / texts, please press [CTRL]+[C] (or CMD+C with Mac) to copy