(នៅខេត្តបាត់ដំបង)
នៅខាងលិចស្ទឹងសង្កែ ស្រុកសង្កែ ជ្រុងអាគ្នេយ៍ទីក្រុងបាត់ដំបង ចម្ងាយប្រហែលជា ១០ គីឡូម៉ែត្រ មានភ្នំមួយឈ្មោះ ភ្នំបាណន់ ជាបូជនីយដ្ឋានសក្ដិសិទ្ធិ ដែលអ្នកស្រុកតែងធ្វើពិធីបូជាតាំងបុរាណកាល ។
រឿងព្រេងភ្នំនេះ មានដូចតទៅ ៖
តាមចាស់ៗដំណាលថា កាលពីព្រេងនាយ មានសេដ្ឋីម្នាក់មានកូនស្រីមួយឈ្មោះនាង រំសាយសក់ នាងនោះចេះតែឈឺដោយជំងឺរាំងរដូវជាយូរឆ្នាំ ។ ក្រោយមកមានតាបសម្នាក់ឈ្មោះតា គ្រាម បានទទួលមើលជំងឺនាងនោះលុះត្រាតែជា កាលជាហើយ មហាសេដ្ឋីជាឪពុកនាង បានផ្សំផ្គុំឲ្យជាភរិយាតាបសនោះ ។ តាបស បង្ហាត់បង្រៀនឲ្យនាងចេះមន្តអាគមផ្សេងៗជាច្រើន មានមន្តហៅខ្យល់ព្យុះជាដើម ។
តាបសនិងភរិយានៅក្នុងរូងភ្នំមួយ ហៅថា ព្រះទឹក ឬ ប្រទឹក តាមសំដីអ្នកស្រុក ។ រូងភ្នំនោះនៅខាងត្បូង ភ្នំបាណន់ សព្វថ្ងៃ តែកាលនោះ ភ្នំបាណន់ នោះគេហៅថា ភ្នំប្រាសាទ ។ ខាងក្រោយមក មានព្រះរាជបុត្រស្ដេចមួយព្រះអង្គ ព្រះនាមចៅរាជកុល មកសុំរៀនមន្តវិជ្ជាផ្សេងៗ តា គ្រាម ។ តាបសសុខចិត្តបង្ហាត់បង្រៀនព្រះរាជបុត្រនេះលុះត្រាតែចេះ ប៉ុន្តែហាមព្រះរាជកុមារមិនឲ្យមើលប្រពន្ធសោះ ដោយគាត់ខ្លាចចៅរាជកុល ស្រឡាញ់ប្រពន្ធគាត់ ព្រោះនាង រំសាយសក់ រូបល្អណាស់ ។
កន្លងជាយូរខែក្រោយមក, ពេលមួយ ចួនជាតាបសមិននៅចៅ រាជកុល ទៅលួចមើលប្រពន្ធគាត់ ឃើញរូបនាងល្អឆើត ក៏កើតសេចក្ដីប្រតិព័ទ្ធលួចសាកសួរចិត្តនាងៗ ស្រឡាញ់ចៅ រាជកុល ដែរ ក៏ទទួលព្រម ។
ថ្ងៃមួយ តាបសចូលទៅក្នុងព្រៃដើម្បីរកវត្ថុផ្សេងៗ អ្នកទាំងពីរបានឱកាសល្អ ក៏នាំគ្នាជិះសំពៅរត់ចោលតាបសទៅ ។
កាលតាបសត្រឡប់មកពីព្រៃវិញ ពុំឃើញអ្នកទាំងពីរនៅក្នុងរូងភ្នំ គាត់ក៏ដឹងថាចៅ រាជកុលនិងភរិយាគាត់ពង្រត់គ្នាទៅ គាត់តាមទៅដល់មាត់សមុទ្រ បានឃើញសំពៅឃ្លាតឆ្ងាយទៅដល់កណ្ដាលសមុទ្រទៅហើយ ។ តាបសខឹងណាស់ក៏សេកមន្តវិជ្ជាហៅខ្យល់ព្យុះដើម្បីបំផ្លាញសំពៅ នៅកណ្ដាលសាគរ ។ ប៉ុន្តែ ដោយនាងរំសាយសក់ ចេះមន្តវិជ្ជាដែរ ក៏ធ្វើឲ្យខ្យល់បក់ផាត់ខ្យល់កំណាចនោះផុតអស់ ។ តាបសឈឺចិត្តខ្លាំងពេក ក៏ដួលស្លាប់នៅឆ្នេរសមុទ្រនោះទៅ ។
អ្នកទាំងពីរដឹងហេតុដូច្នោះ ក៏នាំគ្នាត្រឡប់សំពៅមកកាន់រូងភ្នំប្រទឹកវិញ នៅរួមសុខទុក្ខជាមួយគ្នា ។
ខាងក្រោយមក ចៅរាជកុល ត្រឡប់មករកនាង រំសាយសក់ វិញ នាងប្រពន្ធដើមខឹងណាស់ ក៏ប្រើក្រពើនាងឈ្មោះ អាធន់ ឲ្យទៅឃាំងផ្លូវកុំឲ្យចៅរាជកុល ទៅវិញបាន ។ ឯនាង រំសាយសក់ លុះក្រឡេកឃើញសំពៅប្ដីទៀបលិច ក៏បន់ទេវតាដែលនៅរក្សាភ្នំប្រាសាទថា "សូមឲ្យតែជួយប្ដីខ្ញុំឲ្យរួចពីគ្រោះថ្នាក់ចុះ ខ្ញុំនឹងថ្វាយភ្នំនេះ " ។ ដោយអំណាចបំណន់នោះ នាងនឹងប្ដីក៏បានសុខសប្បាយ ហើយថ្វាយភ្នំនោះលាបំណន់ ។ តាំងពីនាងបន់នោះមក គេហៅភ្នំប្រាសាទនោះថា ភ្នំបំណន់ តែសព្វថ្ងៃ គេហៅក្លាយមកថា ភ្នំបាណន់ វិញ ។
នៅជើងភ្នំនោះ មានរូងជ្រៅធំទូលាយ អាចឲ្យមនុស្សចូលទៅបានដោយស្រួល ដំបូលរូងកោងដូចដំបូលទូក មានកន្លែងទឹកស្រក់មានតម្រងទឹកថ្មរាងដូចត្បាល់បុកអង្ករ ទំហំប្រហែលជាប៉ុនល្អី ។ រូងនោះមានទំហំប្រហែល ១២ ម៉ែត្របួនជ្រុង ជញ្ជាំងថ្ម ពុំមានចម្លាក់អ្វីទេ ប៉ុន្តែនៅខាងត្បូងតម្រងទឹកក្បែរជញ្ជាំងមានព្រះពុទ្ធរូបបាក់បែកជាច្រើន ។ ពន្លឺព្រះអាទិត្យចូលទៅបំភ្លឺពេញរូងនោះ តាមប្រហោងមួយនៅលើដំបូល ។ ផ្លូវដែលចូលទៅក្នុងរូងនោះតូចចុះតែមនុស្សម្នាក់ងងឹតសូន្យ, បើចូលទៅតាមផ្លូវលុះតែអុជចន្លុះបំភ្លឺ ហើយដើរជាជួរបន្តគ្នា ទើបអាចចូលទៅដល់កន្លែងស្រក់ទឹកនោះបាន ។
តាមអ្នកភ្នំបាណន់នោះនិយាយថា ចួនកាលតម្រងនោះមានទឹកពេញ ចួនកាល់មានទឹកត្រឹមតែពាក់កណ្ដាល, គេថាបើតម្រងថ្មមានទឹកពេញ ជាប្រផ្នូលថា អ្នកស្រុកបានស្រូវបរិបូណ៌, បើទឹកកន្លះ ថា អ្នកស្រុកធ្វើស្រូវពុំសូវបាន ។
ទឹកដែលគេឃើញនៅក្នុងតម្រងនោះ ថ្លាឆ្វេង ហើយជន់ទាំងឡាយដែលទៅដល់ទីនោះ មិនដែលខានក្បង់ទឹកនោះ មកលុបលាងក្បាលសុំសេចក្ដីសុខសប្បាយទេ ។ រាល់ៗឆ្នាំ អ្នកស្រុកតែងធ្វើពិធីបូជានៅភ្នំបាណន់នោះ, នាពេលចូលឆ្នាំថ្មី គេធ្វើខាងលើភ្នំ នូវពិធីទាំងឡាយ មានពិធីពូនភ្នំខ្សាច់ និងនិមន្តលោកឆាន់ជាដើម ហើយមានរបាំ មានប្រដាល់ និងមានចែកទានជាប្រាក់ ឬសំលៀកបំពាក់ដល់អ្នកស្រុកផង ។
នៅថ្ងៃទី ១ ជាថ្ងៃចូលបុណ្យ គេតែងធ្វើពិធីបួងសួងសូមឲ្យទេវតាថ្មីជួយឲ្យអ្នកស្រុកបានសេចក្ដីសុខសប្បាយ ។ ពិធីបួងសួងនោះ ចួនកាលអ្នករាជការធ្វើ ចួនកាលអ្នកស្រុកធ្វើ ។ បើកាលណាគេភ្លេចធ្វើពិធីបួងសួងនឹងកើតជំងឺពេញទាំងភូមិ ។
ពិធីបួងសួងមាន ស្លាធម៌ បាយសី និងភ្លេងលេងបទបួងសួង ។
អ្នកស្រុកបានឲ្យការណ៍ថា កាលពីដើម តែកាលណាលេងភ្លេងបទបួងសួង គេមើលទៅក្នុងស្រះ តាសែន ដែលនៅជិតជើងភ្នំ បាណន់ នោះ ឃើញក្រពើងើបជាច្រើន ។ ស្រះនោះពីដើមជ្រៅតែឥឡូវរាក់ទេ ហើយនៅពេលបួងសួងមិនឃើញក្រពើងើបឡើយ ។